កាប៊ុល៖ លោក Khalid Zadran អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល បានលើកឡើងថា មនុស្សចំនួន ៦នាក់ បានស្លាប់ និងចំនួន ១៣នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីរសៀលថ្ងៃចន្ទ នៅតំបន់ភាគនិរតីនៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
លោក Zadran បានឲ្យដឹងថា មានមនុស្សម្នាក់បានកាន់ឧបករណ៍បំផ្ទុះដែលផលិត ហើយដាក់នៅលើរាងកាយរបស់ខ្លួន ហើយបានបំផ្ទុះគ្រាប់បែកនោះនៅក្នុងតំបន់ Qala-e-Bakhtyar នៅសង្កាត់ទី៦ នៃទីក្រុងកាប៊ុល ហើយមនុស្ស៦នាក់បានស្លាប់ដោយមិនរាប់បញ្ចូលអ្នកវាយប្រហារអត្តឃាតនោះទេ គឺសុទ្ធតែជាជនស៊ីវិលទាំងអស់។
អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយការស៊ើបអង្កេតក្នុងករណីនេះកំពុងបន្តធ្វើនៅឡើយ ទេ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា