ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដីបង្កឡើង ដោយព្យុះត្រូពិក Yagi នៅក្នុងប្រទេសហ្វីលីពីន សម្លាប់មនុស្ស អស់តិចបំផុត១០នាក់

Xinhua

ម៉ានីល៖ កាលពីថ្ងៃចន្ទ អាជ្ញាធរបានឲ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបង្កឡើងដោយព្យុះត្រូពិកឈ្មោះថា Yagi បានសម្លាប់មនុស្សយ៉ាងហោចណាស់អស់ចំនួន១០នាក់ និងមនុស្សម្នាក់កំពុងបាត់ខ្លួន ។

ព្យុះមួយនេះត្រូវបានគេរំពឹងថា នឹងបោកបក់នៅរសៀលថ្ងៃចន្ទ ឬពេលល្ងាច នៅតំបន់ភាគខាងជើងនៃប្រទេសហ្វីលីពីន បានធ្វើឱ្យភ្លៀងធ្លាក់ចុះមកលើកោះ Luzon ដែលជាកោះដ៏សំខាន់របស់ប្រទេសនេះ រួមទាំងក្រុង Metro Manila ផងដែរ។

អ្នកស្លាប់មានចំនួន២នាក់មកពីទីក្រុង Cebu ស្ថិតនៅភាគកណ្តាលនៃប្រទេសហ្វីលីពីន ចំនួន៦នាក់នៅទីក្រុង Antipolo ដែលស្ថិតនៅភាគខាងកើតនៃទីក្រុងម៉ានីល និង២នាក់នៅទីក្រុង Naga នៅភាគអាគ្នេយ៍នៃទីក្រុងម៉ានីល ។ អាជ្ញាធរបានឲ្យដឹងថា ពួកគេបានស្លាប់ដោយសារលង់ទឹក ឬគ្រោះបាក់ដីដាច់កើតឡើងដោយឡែកពីគ្នា ។

ព្យុះ Yagi ដែលគេហៅថា Enteng កើតឡើង នៅក្នុងប្រទេសហ្វីលីពីន គឺជាព្យុះទីហ្វុងទី៥ ដែលបានវាយប្រហារ មកលើប្រទេសហ្វីលីពីន នៅក្នុងឆ្នាំនេះ ។

ការិយាល័យអាកាសធាតុរបស់ប្រទេសហ្វីលីពីន បានឲ្យដឹងថា ព្យុះ Yagi រក្សាអនុភាពដ៏ខ្លាំងក្លារបស់វាកាលពីថ្ងៃចន្ទ ហើយនឹងធ្វើឲ្យមានភ្លៀងធ្លាក់បន្ថែមទៀត រហូតដល់ព្យុះនេះ បក់ផុតពីប្រទេស ហ្វីលីពីននៅថ្ងៃពុធ ។

បើគិតជាមធ្យមព្យុះទីហ្វុងចំនួន២០ នឹងវាយប្រហារមកលើប្រទេស ហ្វីលីពីនជារៀងរាល់ឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top