ហាណូយ ៖ យោងតាមសារព័ត៌មាន Vietnam News បានរាយការណ៍ ដោយដកស្រង់ សម្តីរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា វៀតណាមបាននាំចេញអង្ករ ចំនួន៦,១៦លានតោន ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ដោយបានកើនឡើង៥,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។
របាយការណ៍បានដាក់ថា ការនាំចេញអង្ករបាននាំមក នូវប្រាក់ចំណូល ជិត៣,៨៥ពាន់លានដុល្លារ អាមេរិកក្នុងរយៈ ពេលដែលបានលើកឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានកំណើន២១,៧ភាគរយ ។
ទន្ទឹមនឹងការកើនឡើង នៃទិន្នផល តម្លៃនាំចេញ អង្ករគិតជាមធ្យម របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង ប្រហែល១៤,៨ភាគរយ នៅក្នុងអំឡុងពេល៨ ខែដំបូង ដែលឈានដល់៦២៥ដុល្លារអាមេរិកក្នុង១តោន ។
ក្រសួងខាងលើបានឲ្យដឹងថា ប្រទេសវៀតណាម មានបំណងនាំចេញ អង្ករឲ្យបានជាង ៨លានតោន គិតជាទឹកប្រាក់មានតម្លៃ ៥ពាន់លានដុល្លារ អាមេរិក នៅក្នុងឆ្នាំ២០២៤នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា