ព័ត៌មានអន្តរជាតិ

អឺរ៉ុប សំដែងការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ម៉ុងហ្គោលី មិនព្រមចាប់ខ្លួនលោក Putin

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានកត់សម្គាល់ទៅលើ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់ប្រទេសម៉ុងហ្គោលី ហើយបានសម្តែងការសោកស្តាយ ដែលរដ្ឋាភិបាលនៅទីក្រុង Ulaanbaatar មិនបានឃុំខ្លួនមេដឹកនាំរូបនេះ តាមដីការបស់តុលាការឧក្រិដ្ឋកម្ម ICC។

លោក Putin បានចំណាយបំពេញទស្សនកិច្ច រយៈពេលពីរថ្ងៃនៅប្រទេសម៉ុងហ្គោលី ដោយចូលរួមក្នុងកិច្ចពិភាក្សាទ្វេភាគី និងប្រារព្ធខួបលើកទី៨៥ នៃជ័យជំនះនៃសង្គ្រាមលោកលើកទី ២ លើអធិរាជជប៉ុននៅឯសមរភូមិ Khalkhin Gol ។

សហភាពអឺរ៉ុបបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ៖ ប្រធានាធិបតី Putin ស្ថិតនៅក្រោមដីកាចាប់ខ្លួនដោយ ICC សម្រាប់ឧក្រិដ្ឋកម្មអន្តរជាតិ ពិសេសឧក្រិដ្ឋកម្មនៃការនិរទេសដោយខុសច្បាប់ និងការផ្ទេរកុមារដោយខុសច្បាប់។

ប្លុកនេះបានបន្ថែមថា៖ សហភាពអឺរ៉ុបមានការសោកស្តាយ ដែលម៉ុងហ្គោលី ដែលជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់ ICC មិនបានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមលក្ខន្តិកៈដើម្បីអនុវត្តដីកាចាប់ខ្លួន ។

គួរឲ្យដឹងដែរថាតុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Putin ក្នុងខែមីនាឆ្នាំ២០២៣ ទោះបីជាមិនមានយុត្តាធិការ លើប្រទេសរុស្ស៊ីក៏ដោយទាំងដែលរដ្ឋាភិបាល ទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់ របស់តុលាការថាគ្មានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top