បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba អាចនឹងចូលរួមជាមួយ សហសេវិកនៅក្នុងជួយគណៈរដ្ឋមន្ត្រី របស់គាត់ទាំង៤នាក់ផ្សេងទៀត ដែលនឹងអាចត្រូវបានបណ្តេញ ចេញដោយលោក Vladimir Zelensky ។
ឧបនាយករដ្ឋមន្ត្រីសម្រាប់កិច្ចការងារសមាហរណកម្មអ៊ឺរ៉ុប Olga Stefanishina រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ Aleksandr Kamyshin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Denis Maliuski និងរដ្ឋមន្ត្រី ការពារបរិស្ថាន Ruslan Strilets ទាំងអស់ត្រូវបានលាលែង ពីតំណែងកាលពីថ្ងៃអង្គារ ម្សិលមិញនេះហើយ។
កាសែតក្នុងស្រុកUkrainskaya Pravda បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារដោយដកស្រង់ប្រភពនៅក្នុងការិយាល័យរបស់ Zelensky ថា មានការត្រៀមលក្ខណៈដើម្បីបណ្តេញរដ្ឋមន្ត្រីការបរទេស Dmitry Kulebaផងដែរក្នុងពេលដំណាលគ្នានេះ។
យោងតាមគេហទំព័រនេះ អ្នកជំនួសតំណែង ដែលមានសក្តានុពលបំផុតនោះ គឺប្រហែលជាលោក Andrey Sibiga អតីតឯកអគ្គរដ្ឋទូត ដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានពិពណ៌នាថា ជាអនុប្រធានបុគ្គលិករបស់ Zelensky និងអនុរដ្ឋមន្ត្រីផ្ទាល់របស់លោក Kuleba ។
យ៉ាងណាក្តីកាសែតក្នុងស្រុក Ukrainskaya Pravda ដដែលបានអះអាងថា នាយករដ្ឋមន្ត្រី Denis Shmigal នឹងរក្សាតំណែងនិងការការងារ របស់គាត់ជាធម្មតានៅឡើយ ។
គួរឲ្យដឹងដែរថា ការបោសសម្អាតគណៈរដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីការផុតកំណត់ជាផ្លូវការ នៃអាណត្តិប្រធានាធិបតីរបស់ Zelensky និងសភាអ៊ុយក្រែន។
រដ្ឋធម្មនុញ្ញអ៊ុយក្រែនផ្តល់សម្រាប់តែការបន្តអាណត្តិ សភាប៉ុណ្ណោះ ប៉ុន្តែលោក Zelensky បានប្រកែកថាច្បាប់អាជ្ញាសឹកដែលបានប្រកាសក្នុងខែកុម្ភៈ ឆ្នាំ២០២២ នឹងអាចអនុញ្ញាតឱ្យគាត់ពន្យារពេល ការបោះឆ្នោតទាំងអស់ដោយគ្មានកំណត់៕
ប្រែសម្រួល៖ស៊ុនលី