បរទេស ៖ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយដោយឆ្លើយតប ទៅនឹងការទាមទារ ឱ្យឃុំខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាម “ដីកាឧក្រិដ្ឋកម្មសង្គ្រាម” ថា ប្រទេសម៉ុងហ្គោលី គឺពឹងផ្អែកលើប្រទេសជិតខាង សម្រាប់ថាមពល និងរក្សាគោលនយោបាយអព្យាក្រឹតភាព ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC), ប្រទេស អ៊ុយក្រែន និងសហភាពអឺរ៉ុប គឺបានអំពាវនាវឱ្យ ប្រទេសម៉ុងហ្គោលី ចាប់ខ្លួនមេដឹកនាំរុស្ស៊ី ដោយលើកឡើងពីដីកាចាប់ខ្លួនឆ្នាំ២០២៣ ដែលចោទប្រកាន់លើ “ការនិរទេសដោយបង្ខំ” របស់កុមារអ៊ុយក្រែន។ ទោះបីជាម៉ុងហ្គោលីជាភាគីហត្ថលេខីនៃ ICC ក៏ដោយ ក៏ប្រទេសនេះមិនបានធ្វើដូច្នោះនោះដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ Politico EU តាមរយៈអ៊ីមែលកាលពីថ្ងៃអង្គារថា “ម៉ុងហ្គោលី នាំចូលផលិតផលប្រេង 95% របស់ខ្លួន និងជាង 20% នៃថាមពលអគ្គិសនីពីអ្នកជិតខាងរបស់យើង ដែលពីមុនបានទទួលរង ការរំខានដោយសារហេតុផលបច្ចេកទេស។ ការផ្គត់ផ្គង់នេះ គឺមានសារៈសំខាន់ ក្នុងការធានា នូវជីវិតរស់នៅរបស់យើង និងប្រជាជនរបស់យើង” ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ម៉ុងហ្គោលីតែងតែរក្សាគោលនយោបាយ អព្យាក្រឹតភាពក្នុងទំនាក់ទំនងការទូតរបស់ខ្លួនទាំងអស់ ដូចដែលបានបង្ហាញ នៅក្នុងសេចក្តីថ្លែងការណ៍ នៃកំណត់ត្រារបស់យើងរហូតមកដល់បច្ចុប្បន្ន” ។
សូមជម្រាបថា លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានធ្វើដំណើរទៅប្រទេសម៉ុងហ្គោលីតាមការអញ្ជើញ របស់សមភាគីលោក Ukhnaagiin Khurelsukh ហើយបានជួបជាមួយមន្ត្រីកំពូលនៅទីក្រុង Ulaanbaatar ដើម្បីពិភាក្សាអំពីភាពជា ដៃគូយុទ្ធសាស្ត្រ របស់ប្រទេសទាំងពីរ។ ប្រធានាធិបតីរុស្ស៊ី ក៏បានចូលរួមក្នុងពិធីរំលឹកខួបលើកទី៨៥ នៃសមរភូមិ Khalkhin Gol ដែលជាជ័យជម្នះយ៉ាង ដាច់អហង្ការរបស់កងកម្លាំងសូវៀត និងម៉ុងហ្គោលី លើកងទ័ពអធិរាជជប៉ុន ដែលបានធានា ផ្នែកខាងកើត នៃសហភាពសូវៀត សម្រាប់ភាគច្រើននៃសង្គ្រាមលោកលើកទីពីរ។
ក្នុងអំឡុងពេល នៃកិច្ចប្រជុំរបស់ពួកគេ លោកពូទីនក៏បានអញ្ជើញ សមភាគីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh ទៅកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ីនៅខែក្រោយ ហើយលោក Khurelsukh ក៏បានទទួលយកការអញ្ជើញរួចហើយផងដែរ៕