ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាម បូកូ ហារាំ ១៥០នាក់ ចេញមកសម្លាប់ប្រជាជន អស់ជាង៨០នាក់ នៅភាគឦសាន នៃប្រទេសនីហ្សេរីយ៉ា

AFP

បរទេស ៖ យ៉ាងហោចណាស់មនុស្ស ៨១ នាក់បានស្លាប់ និងជាច្រើននាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ បូកូ ហារាំ ដែលត្រូវគេសង្ស័យថា បានវាយប្រហារ នៅក្នុងរដ្ឋ Yobe ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា, នេះបើតាមមន្ត្រីក្នុងតំបន់បានប្រាប់ AFP កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Abdulkarim Dungus អ្នកនាំពាក្យប៉ូលិសរដ្ឋ Yobe បាននិយាយថា “ជនសង្ស័យជាភេរវករ Boko Haram ប្រហែល ១៥០នាក់ ប្រដាប់ដោយកាំភ្លើងវែង និងកាំភ្លើងបាញ់បេ RPGs បានវាយប្រហារភូមិ Mafa លើម៉ូតូជាង ៥០គ្រឿងក្នុងរយៈពេលប្រហែល ១៦០០ ម៉ោងកាលពីថ្ងៃអាទិត្យ” ។

មន្រ្តីបាននិយាយថា “ពួកគេបានសម្លាប់មនុស្សជាច្រើន និងបានដុតបំផ្លាញហាង និង ផ្ទះជាច្រើន។ យើងមិនទាន់អាចបញ្ជាក់ បានពីចំនួនពិតប្រាកដ នៃអ្នកស្លាប់នៅក្នុងការវាយប្រហារនេះទេ”។ លោក Dungus បាននិយាយថា វាហាក់ដូចជាការវាយប្រហារសងសឹក “សម្រាប់ការសម្លាប់ពួកភេរវករ បូកូ ហារាំ ពីរនាក់ ដោយអ្នកការពារភូមិ” ។

ចំណែកលោក Bulama Jalaluddeen មន្ត្រីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨១ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។

សូមជម្រាបថា ក្រុម បូកូ ហារាំ និងក្រុមជ្រុលនិយមផ្សេងទៀត បានធ្វើការបះបោររយៈពេល ១៥ឆ្នាំ មកហើយនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ដែលបានសម្លាប់មនុស្សជាង ៤០.០០០នាក់ផងដែរ ៕

To Top