ព័ត៌មានអន្តរជាតិ

កាតា ស្វាគមន៍ការសម្រេចចិត្តរបស់អង់គ្លេស ក្នុងការផ្អាកផ្នែកនៃការនាំចេញអាវុធរបស់ខ្លួនទៅកាន់អ៊ីស្រាអែល

Afp

ដូហា៖ ក្រសួងការបរទេសកាតា បានស្វាគមន៍ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការព្យួរអាជ្ញាប័ណ្ណនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះគឺជា “ជំហានដ៏សំខាន់មួយដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន ជាពិសេសកុមារ និងស្ត្រី ដែលនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប” ។

ការផ្អាកនេះគឺ “ត្រូវគ្នាជាមួយនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាតអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ” ដែលទាំងអស់នេះទាមទារឱ្យមានបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា ការការពារពេញលេញនៃជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងលំហូរដែលមិនមានការរារាំងលើជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា។

ប្រទេសកាតា នៅតែប្តេជ្ញាផ្តល់ការគាំទ្រយ៉ាងខ្ជាប់ខ្ជួនសម្រាប់បុព្វហេតុប៉ាឡេស្ទីន ដោយអំពាវនាវឱ្យមានការកសាងរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅតាមព្រំដែនឆ្នាំ១៩៦៧ ដែលមានក្រុងយេរ៉ូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បានជូនដំណឹងដល់សមាជិកសភាក្នុងសភាថា អាជ្ញាប័ណ្ណប្រហែល ៣០ ក្នុងចំណោមចំនួនសរុបប្រហែល ៣៥០ ត្រូវបានព្យួរ។

លោក Lammy បានលើកឡើងថា ការវាយតម្លៃបានបង្ហាញពីហានិភ័យច្បាស់លាស់ ដែលអាវុធរបស់អង់គ្លេសអាចត្រូវបានគេប្រើប្រាស់ ដើម្បីប្រព្រឹត្ត ឬសម្របសម្រួលការរំលោភធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top