គៀវ៖ លោក Ruslan Stefanchuk ប្រធានសភា បានលើកឡើងនៅ លើបណ្តាញសង្គម Facebook នៅថ្ងៃពុធនេះថា លោក Dmytro Kuleba រដ្ឋមន្ត្រីក្រសួងការបរទេស របស់អ៊ុយក្រែន នៅថ្ងៃពុធនេះ បានដាក់លិខិតសុំលាលែង ពីមុខតំណែងទៅកាន់សភា ។
លោក Stefanchuk បានថ្លែងថា សភានឹងពិចារណា លើពាក្យសុំរបស់លោក Kuleba នៅក្នុងសម័យប្រជុំពេញ អង្គដែលនៅជិតបំផុត ។
លោក Kuleba វ័យ៤៣ឆ្នាំត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេស របស់អ៊ុយក្រែនក្នុងខែមីនាឆ្នាំ២០២០ ។
កាលពីថ្ងៃអង្គារ លោក David Arakhamia មេដឹកនាំបក្សនៅរដ្ឋសភា នៃបក្សបម្រើប្រជាជន បានលើកឡើង នៅលើបណ្តាញសង្គម Telegram ថា បុគ្គលិកជាង៥០ភាគរយ នៃគណៈរដ្ឋមន្ត្រីនឹង ត្រូវរុះរើក្នុងពេលឆាប់ៗខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
