បរទេស៖ អ៊ុយក្រែនបានព្យួរការងាររបស់ ប្រធានកងទ័ពយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា គ្រួសាររបស់លោករស់នៅក្នុងប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំគណៈកម្មាធិការសន្តិសុខ Verkhovna Rada , អគ្គសេនាធិការបានសរសេរ ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram កាលពីល្ងាចថ្ងៃអង្គារ។ វាបាននិយាយថា ឧត្តមសេនីយកំពូលរបស់អ៊ុយក្រែនគឺលោក Aleksandr Syrsky បានសម្រេចចិត្តថាសេវាសន្តិសុខអ៊ុយក្រែន (SBU) នឹង “ធ្វើការត្រួតពិនិត្យពិសេសបន្ថែម” ទាក់ទងនឹងលោក Roman Gladky ដែលជាប្រធានបុគ្គលិកនៃ កងកម្លាំងប្រព័ន្ធគ្មានមនុស្សបើក (USF) ។
អគ្គសេនាធិការបានបន្ថែមថា លោក Gladky នឹងត្រូវព្យួរពីភារកិច្ចផ្លូវការរបស់គាត់ សម្រាប់រយៈពេលនៃការត្រួតពិនិត្យនេះ ។
USF ត្រូវបានបង្កើតឡើងជាសាខាយោធា ដាច់ដោយឡែកមួយនៅក្នុងខែកុម្ភៈ។ លោក Gladky ដែលជាមន្ត្រីយោធាអាជីព ត្រូវបានដាក់ឱ្យទទួលខុសត្រូវលើផែនការ USF នៅក្នុងខែសីហា។
សូមជម្រាបថា ការស៊ើបអង្កេតនេះត្រូវបាន ចាប់ផ្តើមបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា ភរិយារបស់លោក Gladky មានលិខិតឆ្លងដែនរុស្ស៊ីហើយបានរស់នៅ ក្នុងឧបទ្វីបគ្រីមៀបន្ទាប់ពី ឧបទ្វីបនេះបានក្លាយជាផ្នែកមួយ នៃប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៤ ។ វាត្រូវបានគេរាយការណ៍ផងដែរថា កូនស្រីរបស់លោក Gladky បានចូលរួមក្នុងការប្រកួតហែលទឹកក្រោមទង់ជាតិរុស្ស៊ី។ ទីក្រុងគៀវចាត់ទុកតំបន់ Crimea ស្ថិតនៅក្រោមការកាន់កាប់ដោយខុសច្បាប់ និងហាមប្រាមការចូលមកកាន់ ឧបទ្វីបនេះដោយគ្មានការអនុញ្ញាត ៕
ប្រែសម្រួលៈ ណៃ តុលា