ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways នៅហុងកុង លុបចោលជើងហោះហើរចំនួន ៩០ នៅសប្តាហ៍នេះ ដោយសារបញ្ហាផ្នែកម៉ាស៊ីន

Xinhua

បរទេស៖ ក្រុមហ៊ុនអាកាស ចរណ៍ Cathay Pacific Airways ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុង បានលុបចោល ជើងហោះ​ ហើរចំនួន ៩០ នៅសប្តាហ៍នេះ ដោយសារបញ្ហាផ្នែកម៉ាស៊ីន ដែលប៉ះពាល់ដល់កងយន្តហោះ Airbus A350 របស់ខ្លួន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន South China Morning Post បានរាយការណ៍ថា ដំបូងឡើយក្រុមហ៊ុនបានលុបចោលជើងហោះហើរចំនួន ៤៨ កាលពីថ្ងៃអង្គារ និង ២០ជើងហោះហើរ នៅថ្ងៃពុធ មុនពេលកាត់បន្ថយចំនួន ២២ជើងហោះហើរទៀត ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ជើងហោះហើរទាំងអស់ ដែលត្រូវបាន លុបចោល ក្នុងសប្តាហ៍នេះគឺ សម្រាប់គោលដៅក្នុងតំបន់ លើកលែង តែជើងហោះហើរផ្លូវឆ្ងាយនៅថ្ងៃច័ន្ទ។ ជើងហោះហើរដែលត្រូវ បានលុបចោលកាលពីថ្ងៃអង្គារ និងថ្ងៃពុធ រួមមានផ្លូវហោះហើររវាងទីក្រុងហុងកុង និងទីក្រុងដូចជា ស៊ីដនី អូសាកា តូក្យូ តៃប៉ិ បាងកក និងសិង្ហបុរី។

ក្រុមហ៊ុនអាកាសចរណ៍បាន ប្រកាសកាលពីថ្ងៃអង្គារថា អ្នកដំណើរដែលរងផលប៉ះពាល់ទាំងអស់ត្រូវបានជូនដំណឹង និងផ្តល់ជម្រើសក្នុងការធ្វើដំណើរជំនួស នេះបើយោង តាមសារព័ត៌មាន CNA ។ ដើម្បីជួយអ្នកដំណើរក្នុង ការកែសម្រួលផែនការ ធ្វើដំណើររបស់ពួកគេ , Cathay Pacific បានលើកលែងថ្លៃ នៃការផ្លាស់ប្តូរសំបុត្រ រួមទាំងលើកលែងថ្លៃសម្រាប់ការកក់ឡើងវិញ និងការធ្វើដំណើរឡើងវិញ។

ចំណែកសារព័ត៌មាន Reuters បានរាយការណ៍ថា ការលុបចោលជើងហោះហើរ បានធ្វើឡើងបន្ទាប់ពីការ បរាជ័យផ្នែកមួយកាលពីថ្ងៃចន្ទ ដែលនាំឱ្យក្រុមហ៊ុន Cathay Pacific ចុះចត និងត្រួតពិនិត្យយន្តហោះ Airbus A350 ទាំងមូលរបស់ខ្លួន។

ការត្រួតពិនិត្យបានរកឃើញថាយន្តហោះចំនួន ១៥គ្រឿងតម្រូវឱ្យជួសជុលខ្សែបណ្តាញប្រេងឥន្ធនៈ ដែល ៦ គ្រឿងត្រូវបានជួសជុល គិតត្រឹមថ្ងៃពុធ។

ក្រុមហ៊ុន Cathay Pacific បាននិយាយថា គ្មានការលុបចោលការហោះហើរបន្ថែមទៀតត្រូវបានគេរំពឹងទុកនោះទេ ហើយយន្តហោះដែលរងផលប៉ះពាល់ ទាំងអស់ត្រូវបានគេរំពឹងថា​ នឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅថ្ងៃសៅរ៍៕

To Top