បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មនុស្ស ៤នាក់បានស្លាប់ និងយ៉ាងហោចណាស់៩នាក់ទៀត រងរបួសនៅក្នុងការបាញ់ប្រហារ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅវិទ្យាល័យ Apalachee ក្នុងទីក្រុង Winder រដ្ឋ Georgia សហរដ្ឋអាមេរិក។
Winder គឺជាទីប្រជុំជននិងសហគមន៍ ដែលមានប្រជាជនតិចជាង២០,០០០ នាក់នៅភាគឦសាននៃទីក្រុងអាត្លង់តា។ Apalachee High មានការចុះឈ្មោះសិស្សត្រឹមតែ២,០០០នាក់ ប៉ុណ្ណោះហើយ ប៉ូលិសបានទទួលនឹងការហៅទូរស័ព្ទ អំពីហេតុការណ៍បាញ់ប្រហារនេះ នៅវេលាម៉ោងប្រហែលជា ១០ និង ៣០ នាទីព្រឹកថ្ងៃពុធ។
មន្ត្រីពាក់ព័ន្ធ បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងព្រឹត្តិការណ៍សារព័ត៌មាន ដែលមិនទាក់ទងគ្នាក្នុងទីក្រុង Washington DC ថា ៖យើងនៅតែប្រមូលព័ត៌មាន ប៉ុន្តែ FBI និង ATF ស្ថិតនៅកន្លែងកើតហេតុធ្វើការជាមួយរដ្ឋ ក្នុងស្រុក និងដៃគូផ្សេងទៀត ។
នៅម៉ោងប្រហែល ២រសៀលថ្ងៃដដែលអជ្ញាធរ បានអះអាងថាខ្មាន់កាំភ្លើង ត្រូវបានចាប់ខ្លួនឃុំឃាំងទាំងរស់រួចទៅហើយ” ប៉ុន្តែបដិសេធមិនទាន់ផ្តល់ព័ត៌មានបន្ថែម នៅឡើយហើយចំណែកឯចំនួនអ្នកស្លាប់ បានកើនឡើងទៅដល់៤នាក់ ជាមួយនឹងតួលេខរបួស៩នាក់បន្ថែមទៀត ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
ប្រែសម្រួល៖ ស៊ុន លី