ព័ត៌មានអន្តរជាតិ

ជប៉ុន និងអូស្ត្រាលី សម្លឹងមើលកិច្ចសហប្រតិបត្តិការ លើសមត្ថភាព មីស៊ីលរយៈចម្ងាយឆ្ងាយ

Kyodo

តូក្យូ៖ ជប៉ុន និងអូស្ត្រាលី បានព្រមព្រៀងគ្នាថា ពួកគេនឹងបង្កើនកិច្ចសហប្រតិបត្តិការ លើសមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់ពួកគេ ដើម្បីទប់ទល់នឹងការពង្រីក វត្តមានយោធា របស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara និង សមភាគីអូស្ត្រាលី លោក Richard Marles ក៏បានចែករំលែកក្តីព្រួយបារម្ភ អំពីសកម្មភាពយោធា របស់ចិន ដែលអាចបង្កើនភាពតានតឹងបន្ថែមទៀត នៅក្នុងតំបន់ រួមទាំងការរំលោភដែនអាកាសជប៉ុន ដោយយន្តហោះចារកម្មចិន កាលពីសប្តាហ៍មុន។

លោក Kihara និងលោក Marles បានចែករំលែកទស្សនៈថា ពួកគេនឹងបន្តជំរុញ កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការ ទទួលបានសមត្ថភាពប្រឆាំង ការវាយប្រហាររបស់ជប៉ុន សមត្ថភាពក្នុងការវាយលុកមូលដ្ឋាន សត្រូវ ប្រសិនបើតម្រូវការកើតឡើង និងការទិញមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អូស្ត្រាលី នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិជប៉ុន ។ 

ប្រភពរដ្ឋាភិបាលបានឲ្យដឹងនៅដើមឆ្នាំនេះថា ការពិភាក្សាកំពុងដំណើរ ការរវាងប្រទេសទាំងពីរដើម្បីទីក្រុងតូក្យូ ប្រើប្រាស់ទ្វីបដ៏ធំរបស់ប្រទេសអូស្ត្រាលី ធ្វើជាកន្លែងសាកល្បងមីស៊ីលរបស់ជប៉ុន ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍។

លោក Kihara ត្រូវបានគេជឿថា បានលើកឡើងពីការដេញថ្លៃរបស់ប្រទេសជប៉ុន ដើម្បីចូលរួមគម្រោងអភិវឌ្ឍន៍ នាវាចម្បាំងថ្មី របស់អូស្ត្រាលី នៅក្នុងកិច្ចប្រជុំនេះ ខណៈដែលទីក្រុងតូក្យូជំរុញ ឱ្យមានកិច្ចសហប្រតិបត្តិការលើឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យាជាមួយប្រទេស ដែលមានគំនិតដូចគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top