បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃពុធថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានធ្វើការវាយប្រហារ ប្រកបដោយភាពជាក់លាក់ខ្ពស់ ទៅលើមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធា របស់អ៊ុយក្រែននៅក្នុងទីក្រុង Poltava ។ យោងតាមទីក្រុងមូស្គូ បានឱ្យដឹងថា កន្លែងនោះគឺជាកន្លែងស្នាក់នៅ របស់គ្រូបរទេសមួយចំនួន ដែលកំពុងបណ្តុះបណ្តាលកងទ័ព របស់ទីក្រុងគៀវ ក្នុងការទំនាក់ទំនង សង្គ្រាមអេឡិចត្រូនិក និងប្រតិបត្តិការយន្តហោះគ្មាន មនុស្សបើក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារនេះត្រូវបានរាយការណ៍ដំបូងដោយមន្ត្រីអ៊ុយក្រែន ដែលបាននិយាយកាលពីថ្ងៃអង្គារថា គ្រាប់មីស៊ីល Iskander របស់រុស្ស៊ីចំនួនពីរគ្រាប់បានវាយប្រហារសាលាទំនាក់ទំនងយោធា និងបច្ចេកវិទ្យាព័ត៌មាន ដែលបណ្តាលឱ្យមនុស្សជិត ៣០០ នាក់របួស ក្នុងនោះមានជិត ៥០ នាក់បានស្លាប់។
ខណៈពេលដែលក្រសួងការពារជាតិរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយជាបឋមលើការវាយប្រហារនេះ ក្រសួងនេះបានបញ្ជាក់ ពីការវាយប្រហារនៅក្នុង ការអាប់ដេតនៅលើ Telegram កាលពីថ្ងៃពុធ ។ វាបាននិយាយថា កងកម្លាំងរុស្ស៊ីបានធ្វើ “ការវាយប្រហារដោយមីស៊ីល ប្រកបដោយភាពជាក់លាក់ខ្ពស់ លើមជ្ឈមណ្ឌលហ្វឹកហ្វឺនរួមទី ១៧៩ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងទីក្រុង Poltava” កាលពីថ្ងៃទី ៣ ខែកញ្ញា។
ក្រសួងបានបន្ថែមថា គ្រូបរទេសបាននិងកំពុងរៀបចំ អ្នកឯកទេសផ្នែកទំនាក់ទំនង និងសង្គ្រាមអេឡិចត្រូនិកនៅមជ្ឈមណ្ឌលនេះ ក៏ដូចជាប្រតិបត្តិករ នៃយន្តហោះគ្មានមនុស្ស បើកដែលចូលរួមក្នុងការវាយប្រហារ លើគោលដៅជនស៊ីវិលនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី៕