ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រហារជីវិតមន្ត្រីអស់ ៣០នាក់ ដែលជាអ្នកទទួលខុសត្រូវលើគ្រោះទឹកជំនន់

Yahoo Mail

បរទេស៖ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍បានប្រហារជីវិតមន្ត្រីចំនួន ៣០នាក់ កាលពីខែមុន ដោយសារមន្រ្តីទាំងនោះបរាជ័យក្នុងការកាត់បន្ថយការបំផ្លិចបំផ្លាញ ដែលបណ្តាលមកពីទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សជាង ៤.០០០នាក់។

យោងតាមសារព័ត៌មាន THE INDEPENDENT ចេញផ្សាយកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទូរទស្សន៍ Chosun របស់កូរ៉េខាងត្បូងបានរាយការណ៍ថា មន្ត្រីទាំងនោះត្រូវបានចោទប្រកាន់ពីបទពុករលួយ និងការបំភ្លៃកាតព្វកិច្ច។

គ្រោះមហន្តរាយទឹកជំនន់បានវាយប្រហារខេត្ត Chagang ប្រទេសកូរ៉េខាងជើង កាលពីខែកក្កដា ហើយបានធ្វើឱ្យមនុស្សជាង ១៥.០០០នាក់ ផ្លាស់ទីលំនៅផងដែរ។

យោងតាមរបាយការណ៍របស់សារព័ត៌មានកូរ៉េខាងជើង ទឹកជំនន់បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើននៅក្នុងភាគពាយ័ព្យទីក្រុង Sinuiju  និងទីក្រុង Uiju ដែលនៅជិតខាង ដោយផ្ទះជាង ៤.១០០ ខ្នង, ដីស្រែចំការចំនួន ៧.៤១០ ហិចតា និងផ្លូវថ្នល់ អគារ និងផ្លូវរថភ្លើងជាច្រើនត្រូវបានរងផលប៉ះពាល់ផងដែរ។

ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានបញ្ជាឱ្យអាជ្ញាធរ “ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង” ដល់មន្ត្រីដែលទទួលខុសត្រូវ។

សារព័ត៌មាន Associated Press បានរាយការណ៍ថា បន្ទាប់ពីទឹកជំនន់បានវាយប្រហារមក លោក គីម បានប្រកាសថា កូរ៉េខាងជើងនឹងមិនទទួលយកជំនួយអន្តរជាតិណាមួយឡើយ។

ជំនួសមកវិញ លោកបានស្នើឱ្យមន្ត្រីនានា ផ្លាស់ប្តូរទីលំនៅ ជនភៀសខ្លួនរាប់ពាន់នាក់ មកកាន់ទីក្រុងព្យុងយ៉ាង ជាកន្លែងដែលពួកគេនឹងទទួលបានការថែទាំ និងការគាំទ្រកាន់តែប្រសើរឡើង។ កិច្ចខិតខំប្រឹងប្រែងសាងសង់ឡើងវិញត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែលពី ២ ទៅ ៣ ខែ ក្នុងអំឡុងពេលនោះ រដ្ឋាភិបាលគ្រោងនឹងផ្តល់សម្រាប់ជនងាយរងគ្រោះជិត ១៥.៤០០នាក់ នៅក្នុងបរិក្ខារនានានៅក្នុងទីក្រុងព្យុងយ៉ាង៕

ប្រែសម្រួលៈ ណៃ តុលា

To Top