តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ភាគច្រើននៃសមាជិកក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រងជាន់ខ្ពស់ស្នូលនៃក្រុមហ៊ុន United States Steel Corp. នឹងក្លាយជាពលរដ្ឋសហរដ្ឋអាមេរិក ប្រសិនបើការទិញយកដោយក្រុមហ៊ុនជប៉ុននេះ ដំណើរការទៅមុខ។
ក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់ប្រទេសជប៉ុន បានធ្វើសេចក្តីប្រកាសប៉ុន្មានថ្ងៃបន្ទាប់ពីអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី កាម៉ាឡា ហារីស បានសម្តែងការប្រឆាំង ចំពោះការទិញនេះដោយថាវាគួរតែដំណើរការក្នុងស្រុក ដោយកិច្ចព្រមព្រៀងនេះមិនទាន់ទទួលបានការយល់ព្រមពីនិយតករសហរដ្ឋអាមេរិកនៅឡើយទេ។
ក្រុមហ៊ុន Nippon Steel ដែលបានឲ្យដឹងរួចហើយថា US Steel នឹងនៅតែមានទីស្នាក់ការនៅទីក្រុង Pittsburgh និងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រុមប្រឹក្សាភិបាលក្រោយការទិញក៏នឹងរួមបញ្ចូលនាយកឯករាជ្យ បីនាក់ដែលជាពលរដ្ឋអាមេរិកផងដែរ។
គោលនយោបាយអភិបាលកិច្ចត្រូវបានប្រកាសបន្ទាប់ពីលោកស្រី ហារីស ដែលជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានប្រាប់ការជួបជុំមួយនៅក្នុងទីក្រុង Pennsylvanian កាលពីថ្ងៃចន្ទថា ផលិតករអាមេរិកគួរតែនៅតែជាកម្មសិទ្ធិក្នុងស្រុក និងដំណើរការនៅពេលដែលលោកស្រី ស្វែងរកការគាំទ្រពីកម្មករកអាវខៀវ។
ក្រុមហ៊ុនផលិតដែកទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងទិញយក ១៤,១ ពាន់លានដុល្លារនៅក្នុងខែធ្នូ។ US Steel និងម្ចាស់ភាគហ៊ុនរបស់ខ្លួនបានគាំទ្រការកាន់កាប់ ដែលនឹងបង្កើតក្រុមហ៊ុនផលិតដែកថែបធំជាងគេទីបី របស់ពិភពលោកទៅតាមបរិមាណ៕
ប្រែសម្រួល ឈូក បូរ៉ា