ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល​អាល្លឺម៉ង់ អនុម័ត​ការ​បន្ធូរបន្ថយ​ពន្ធ លើរថយន្ដ EV ចំពេល​មានការធ្លាក់ចុះ នៅក្នុងវិស័យឧស្សាហកម្ម ​កាន់តែ​អាក្រក់

AFP

ប៊ែរឡាំង ៖ រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​សម្រេច​ដាក់​ចេញ​អត្ថប្រយោជន៍​ពន្ធ សម្រាប់​រថយន្ត​អគ្គិសនី (EVs) ក្នុង​គោល​បំណង​ទប់ទល់​នឹង​ការ​លក់​ដែល​ធ្លាក់​ចុះ​ក្នុង​ឧស្សាហកម្ម​កំពុង​រីកចម្រើន និង​ផ្តល់​ការ​លើក​ទឹក​ចិត្ត ​ក្នុង​ការ​ទិញ​បន្ថែម​ទៀត។

ការកាត់បន្ថយពន្ធរបស់រដ្ឋាភិបាលសហព័ន្ធ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុប ៥៨៥ លានអឺរ៉ូ (៦៤៩លានដុល្លារអាមេរិក) នៅឆ្នាំក្រោយ ហើយអាចកើនឡើងដល់ ៦៥០ លានអឺរ៉ូនៅឆ្នាំ២០២៨ នៅពេលដែលជំនួយត្រូវបានកំណត់ផុតកំណត់ នេះបើយោងតាមកាសែតអាល្លឺម៉ង់ Handelsblatt ។

យោងតាមសេចក្តីព្រាងច្បាប់ ដែលបានស្នើឡើងដោយក្រសួង ហិរញ្ញវត្ថុសហព័ន្ធ ក្រុមហ៊ុនដែលទិញរថយន្ត EV នឹងទទួលបានអត្ថប្រយោជន៍ ពីច្បាប់រំលោះពន្ធដ៏សប្បុរសបន្ថែមទៀត ដែលអនុញ្ញាតឱ្យកាត់បន្ថយរហូតដល់ ៤០ភាគរយក្នុងឆ្នាំដំបូង និងធ្លាក់ចុះជាបន្តបន្ទាប់មកត្រឹម ៦ ភាគរយក្នុងរយៈពេល ៥ឆ្នាំខាងមុខ ។ 

ក្រសួងបានកត់សម្គាល់ថា ការដាក់ឱ្យប្រើប្រាស់ជម្រើសរំលោះនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់នូវការលើកទឹកចិត្តផ្នែកពន្ធសំខាន់ៗ ជាពិសេសជួយដល់ការកើនឡើង នៃទីផ្សារ EV នៅក្នុងវិស័យសាជីវកម្ម។

អត្ថប្រយោជន៍ពន្ធ ក៏ពង្រីកដល់ការអនុគ្រោះ ពន្ធសម្រាប់រថយន្ត របស់ក្រុមហ៊ុនអគ្គិសនី និងគ្មានការបំភាយឧស្ម័ន។  និយោជិត ដែលប្រើប្រាស់យាន ជំនិះទាំងនេះ ជាទូទៅបង់ពន្ធរថយន្តទាប ជាងច្រើន បើធៀបនឹងរថយន្តសាំង។  ពីមុនអត្ថប្រយោជន៍នេះអនុវត្ត ចំពោះតែរថយន្តដែលមានតម្លៃតិចជាង ៧ម៉ឺអឺរ៉ូប៉ុណ្ណោះ។  ជំនួយថ្មីនេះបានបង្កើនកម្រិតនេះដល់ ៩៥,០០០អឺរ៉ូ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck បានឲ្យដឹងថា រដ្ឋាភិបាលនឹងបន្តគាំទ្រដល់ឧស្សាហកម្មរថយន្ត និងជួយក្នុងការផ្លាស់ប្តូរ របស់ខ្លួនទៅជារថយន្ដអគ្គិសនី។ 

ការកត់សម្គាល់របស់លោកបានធ្វើឡើងបន្ទាប់ពីការប្រកាស របស់ក្រុមហ៊ុនរថយន្តយក្ស Volkswagen កាលពីថ្ងៃចន្ទថា ខ្លួនកំពុងពិចារណាបិទកន្លែងផលិតក្នុងស្រុកនៅ ក្នុងប្រទេសអាល្លឺម៉ង់ ដែលជាសក្តានុពលដំបូង សម្រាប់ក្រុមហ៊ុនផលិត រថយន្តចាប់តាំងពីការបង្កើតឡើងជាង ៨០ឆ្នាំមុន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top