ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ សកម្មភាពលោកខាងលិច នឹងមានឥទ្ធិពលលើគោល លទ្ធិ នុយក្លេអ៊ែរឡើងវិញ របស់រុស្ស៊ី

Xinhua
" "

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងពិចារណាលើសកម្មភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាការបដិសេធរបស់ពួកគេ ក្នុងការចូលរួមក្នុងកិច្ចសន្ទនា នៅពេលពិនិត្យឡើងវិញនូវគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន។

ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចបូព៌ា នៅទីក្រុងវ្ល៉ាឌីស្តុក ភាគបូព៌ាប្រទេសរុស្ស៊ី លោក Peskov បានកត់សម្គាល់ថា រុស្ស៊ី កំពុងកែប្រែគោលលទ្ធិនុយក្លេអ៊ែរ បច្ចុប្បន្នរបស់ខ្លួន និងបង្កើតវិធីសាស្រ្តថ្មីៗ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងសកម្មភាពរបស់លោកខាងលិច។

" "

លោកបានលើកឡើងថា សកម្មភាពទាំងនេះរួមមានការបដិសេធរបស់បណ្តា ប្រទេសលោកខាងលិច មិនចូលរួមក្នុងកិច្ចសន្ទនាជាមួយរុស្ស៊ី ការវាយប្រហារលើផលប្រយោជន៍ និងសន្តិសុខរបស់រុស្ស៊ី និងតួនាទីរបស់ពួកគេ ក្នុងការបង្កជម្លោះបន្តនៅអ៊ុយក្រែន។

" "

លោកបានលើកឡើងថា “នេះមិនអាចទេ ក្រៅតែពីមានផលវិបាក។ ទាំងអស់នេះកំពុងត្រូវបានយកមកពិចារណានៅក្នុងទីក្រុងម៉ូស្គូ ហើយនឹងបង្កើតជាមូលដ្ឋាន សម្រាប់សំណើដែលនឹងត្រូវបានបង្កើត”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top