ម៉ូស្គូ ៖ ក្រសួងហិរញ្ញវត្ថុ របស់ប្រទេសបានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងជំរុញការទិញរូបិយប័ណ្ណបរទេស និងមាសរបស់ខ្លួនចំនួន ៧ដងគិតត្រឹមថ្ងៃទី០៦ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
យោងតាមក្រសួង វានឹងបែងចែក ១៧២,៩ពាន់លានរូប្លែ (ប្រហែល ១,៩៨ពាន់លានដុល្លារអាមេរិក) សម្រាប់ការទិញរូបិយប័ណ្ណបរទេស និងមាស ក្រោមការគ្រប់គ្រងសារពើពន្ធរបស់រុស្ស៊ីចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលារៀងគ្នា បរិមាណនៃការទិញប្រចាំថ្ងៃនឹងស្មើនឹង ៨,២ពាន់លានរូប្លែ ស្មើនឹង (៩៤ លានដុល្លារ) ។
សម្រាប់រយៈពេលចាប់ពីថ្ងៃទី០៧ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ទឹកប្រាក់សរុបចំនួន ២៤,៦៥ពាន់លានរូប្លែ (២៨០លានដុល្លារ) ត្រូវបានបម្រុងទុក សម្រាប់ប្រតិបត្តិការទាំងនេះ ជាមួយនឹងការទិញប្រចាំថ្ងៃស្មើនឹង ១,១២ពាន់លានរូប្លែ (១៣លានដុល្លារ)។
ក្រសួងបានឲ្យដឹងទៀតថា នៅក្នុងខែកញ្ញា ថវិកាសហព័ន្ធរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងទទួលបានបន្ថែម ១៦២ពាន់លានរូប្លែ (១,៨៥ ពាន់លានដុល្លារ) នៅក្នុងប្រាក់ចំណូលប្រេង និងឧស្ម័ន៕
ប្រែសម្រួល ឈូក បូរ៉ា