យូអិន៖ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិនប្រចាំអង្គការ សហប្រជាជាតិ បានឲ្យដឹងថា សហគមន៍អន្តរជាតិ មិនត្រូវអនុញ្ញាតឱ្យសោកនាដកម្មមនុស្សធម៌ នៅតំបន់ហ្គាហ្សាកើតឡើងម្តងទៀត នៅតំបន់ West Bank នោះទេ។
នៅក្នុងសុន្ទរកថានៅឯសន្និសីទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា រួមទាំងសំណួរប៉ាឡេស្ទីន លោក Geng បានឲ្យដឹងថា ទោះបីជាមានការខិតខំប្រឹងប្រែង ជាអន្តរជាតិម្តងហើយម្តងទៀត និងការអំពាវនាវឱ្យមានបទឈប់បាញ់ និងការបញ្ចប់អរិភាពទាំងអស់នៅហ្គាហ្សាក៏ដោយ ក៏នៅតែមិនមានសញ្ញានៃការបន្ធូរបន្ថយ ឬការកាត់បន្ថយការកើនឡើងនៃជម្លោះនោះទេ។
លោកបានលើកឡើងថា “ផ្ទុយទៅវិញ អ្វីដែលយើងឃើញ គឺការបន្តកើនឡើងនៃស្ថានភាពនៅតំបន់ West Bank បន្ថែមពីលើអ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា” ដោយកត់សម្គាល់ថាសប្តាហ៍ក្រោយនឹងប្រារព្ធខែទី១១ នៃជម្លោះនៅតំបន់ហ្គាហ្សា។
លោកឯកអគ្គរដ្ឋទូតបានជំរុញ ឱ្យភាគីនានា ជាពិសេសអ៊ីស្រាអែល បង្ហាញភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ និងបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងឋានៈជាអំណាចកាន់កាប់ បញ្ឈប់សកម្មភាពអ្នកតាំងលំនៅ បញ្ឈប់ការវាយប្រហារ នៅតំបន់ West Bank និងគោរព និងរក្សាស្ថានភាពដែលមានលក្ខណៈជា ប្រវត្តិសាស្ត្រនៃទីកន្លែងសក្ការៈ នៅក្រុងយេរូសាឡឹម។
លោកបានបន្ដថា “សង្រ្គាមនេះបានផ្ទុះឡើងយូរពេក ។ ការចរចាបទឈប់បាញ់ត្រូវបានពន្យារពេលយូរពេក។ ហើយការឈឺចាប់ របស់ប្រជាជនបានបន្តអូសបន្លាយ យូរពេក ដល់ពេលត្រូវបញ្ចប់រឿងទាំងអស់នេះហើយ”៕
ប្រែសម្រួល ឈូក បូរ៉ា