កូឡាឡាំពួរ ៖ នៅថ្ងៃព្រហស្បតិ៍នេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងឲ្យដឹងថា ប្រទេសម៉ាឡេស៊ី នឹងបន្តការរុករកប្រេង និងឧស្ម័ននៅដែនសមុទ្រចិន ខាងត្បូង ក្រោយពីលេចធ្លាយឯកសារការទូត បង្ហាញពីការជំទាស់ ពីទីក្រុងប៉េកាំង ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានប្រកាន់ជំហរផ្សះផ្សា ដោយពណ៌នាប្រទេសចិន ថាជាមិត្ត ហើយបានថ្លែងថា ប្រទេសទាំង២ នឹងពិភាក្សាគ្នាអំពីបញ្ហានេះ ។
ក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសម៉ាឡេស៊ី ឈ្មោះថា Petronas ប្រតិបត្តិការអណ្តូងប្រេង និងឧស្ម័ននៅក្នុងសមុទ្រនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ។
ប្រទេសចិន បានទាមទារស្ទើរតែទាំងអស់នៃផ្លូវទឹកដ៏សំខាន់ខាងសេដ្ឋកិច្ច បើទោះបីជាមានការទាមទារដណ្តើមយកពីបណ្តាប្រទេសផ្សេងទៀត និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ថា ការអះអាងរបស់ខ្លួន មិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ ។
លោក Anwar បានប្រាប់ដល់ អ្នកយកព័ត៌មានដែលធ្វើដំណើរជាមួយលោកនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ថា “អ្វីដែលយើងបានធ្វើទាក់ទង នឹងការរុករកប្រេង គឺពិតជានៅក្នុងដែនទឹក របស់យើង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា