បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អ៊ុយក្រែន ហាក់ដូចជាត្រូវបានគ្រប់គ្រងដោយ “មនុស្សពិភពផ្កាយ” ដែលធ្វើការសម្រេចចិត្តដ៏ឃោរឃៅ ដោយមិនគិតពីការឈឺចាប់ របស់មនុស្សសាមញ្ញ ។ លោកពូទីនក៏បានព្រមានផងដែរថា យុទ្ធនាការ “ប្រមូលផ្តុំទាំងស្រុងកងទ័ព” របស់ទីក្រុងគៀវ នឹងធ្វើឱ្យប្រទេសអ៊ុយក្រែន កាន់តែគាបសង្កត់ប្រជាជន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) នៅទីក្រុង Vladivostok កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានរំលឹកថា ទីក្រុងម៉ូស្គូ និងទីក្រុងគៀវបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយ ដោយផ្អែកលើការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន ចំពោះអព្យាក្រឹតភាព – ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល នៅដើមជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានបង្អាក់វិញ ដោយការអន្តរាគមន៍ពីលោកខាងលិច ដែលចង់បាន “ការបរាជ័យជាយុទ្ធសាស្ត្រ” របស់រុស្ស៊ី។
មេដឹកនាំរុស្ស៊ីបានកត់សម្គាល់ថា អាកប្បកិរិយារបស់ទីក្រុងគៀវ ក្នុងកាលៈទេសៈមិនព្រមព្រៀង។ លោកថា “ពេលខ្លះខ្ញុំមានការចាប់អារម្មណ៍ថា អ្នកដែលគ្រប់គ្រងអ៊ុយក្រែនគឺដូចជា មនុស្សពិភពផ្កាយ ឬជនបរទេស… ពួកគេមិនគិតថា… អ្នកឃើញទេ ការខាតបង់របស់ពួកគេគឺធំធេងណាស់។ ខ្ញុំក៏មិនអាចយល់ថា តើពួកគេនឹងធ្វើអ្វីបន្ទាប់ទៀត» នោះដែរ។
យោងតាមប្រធានាធិបតីរុស្ស៊ី, ជម្រើសតែមួយគត់ដែលនៅសេសសល់សម្រាប់ទីក្រុងគៀវ គឺត្រូវបន្ថយអាយុឱ្យបានទាបនៃការចូលបម្រើទ័ពម្តងទៀត។ នេះនឹងអនុញ្ញាតឱ្យពួកគេ “ជ្រើសរើសកុមារ ដូចដែលពួកណាស៊ីអាល្លឺម៉ង់បានធ្វើជាមួយយុវជនហ៊ីត្លែរ។ ប៉ុន្តែ នេះនឹងមិនអាចដោះស្រាយបញ្ហាបានទេ… ជំហានបន្ទាប់គឺការហៅនិស្សិតមកធ្វើការបង្ហូរឈាម។ ជាថ្មីម្តងទៀត វាហាក់បីដូចជាប្រជាជនអ៊ុយក្រែនមិនមែនជាប្រជាជនរបស់ពួកគេទេ” ៕
ប្រែសម្រួលៈ ណៃ តុលា