ព័ត៌មានអន្តរជាតិ

ចិន និង អាហ្វ្រិក ក្តោបយកយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួមគ្នា

ដូចដែលយើងបាន ដឹងទាំងអស់គ្នាថា ពិភពលោកកំពុងស្ថិត នៅក្នុងការផ្លាស់ប្តូរដ៏ខ្លាំងក្លា ដោយសកលភាវូបនីយកម្ម សេដ្ឋកិច្ច និងព័ត៌មានវិទ្យា ភាវូបនីយកម្ម សង្គមបានរំដោះ និងអភិវឌ្ឍយ៉ាងក្រៃលែង ដល់កម្លាំងផលិតកម្មសង្គម ។ យ៉ាងណាមិញ បើទោះបីជាពិភពលោក ក៏ប្រឈមមុខ នឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមកដូចគ្នា ដែលក្នុងនោះរួមមាន អនុត្តរភាពនិយម អំពើភេរវនិយម វិបត្តិហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាបរិស្ថានផងដែរ ដែលបានកើតមានឡើង កាន់តែខ្លាំងឡើងៗ យ៉ាងណាក៏ដោយ សម្រាប់ទំនាក់ទំនង ជាមួយនិងទ្វីបអាហ្វ្រិក ប្រទេសចិនបាន និងកំពុងអនុវត្ត នូវគោលការណ៍ ដោយផ្អែកលើភាព ស្មោះត្រង់ ចំណងមិត្តភាព ជំនឿទុកចិត្ត និងលទ្ធផលជាក់ស្តែង និងទស្សនៈគុណធម៌ ទទួលផលប្រយោជន៍ត្រឹមត្រូវ និងល្អប្រសើរ ជាងមុន ដោយបង្កើនកិច្ចពិភាក្សាគ្នា អំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងផែនការអនាគត ស្របនឹងប្រធានបទ នៃវេទិកា សហប្រតិបត្តិការ ចិន-អាហ្វ្រិករយៈពេល២៤ឆ្នាំស្តីពី «ពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម រួមគ្នាជំរុញការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិក» ហើយត្រូវបានលាតត្រដាង តាមទិន្នន័យជាក់ស្តែងដោយរំលេចថា ក្នុងរយៈពេល១៥ឆ្នាំជាប់ៗ គ្នា ប្រទេសចិនបានក្លាយជា ដៃគូពាណិជ្ជកម្មធំបំផុត របស់ទ្វីបអាហ្វ្រិក ហើយទំហំពាណិជ្ជកម្ម រវាងចិននិងអាហ្វ្រិកឡើងដល់២៨២.១ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ដែលកើនឡើងជិត១១% បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។

ដូចដែលបានផ្សព្វផ្សាយជាសាធារណៈ ចិនជាប្រទេសកំពុង អភិវឌ្ឍន៍ដែលធំជាងគេបង្អស់លើពិភពលោក ចំណែកទ្វីបអាហ្វ្រិកជាតំបន់ ដែលមានជនក្រីក្រច្រើនបំផុត លើពិភពលោក ក្នុងន័យនេះ ការកសាងភាពជាដៃគូជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការដ៏ទូលំទូលាយរវាងចិននិងអាហ្វ្រិក ជាពិសេសក្រោយពេលដាក់ចេញ នូវ«គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ» ប្រទេសចិនបានអនុវត្តនូវផែនការ សហប្រតិបត្តិការជាមួយច្រើន ជាមួយអាហ្វ្រិក ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ដោយបានដោះស្រាយបញ្ហារាំងស្ទះចំនួន៣ ដែលរារាំងដល់ការអភិវឌ្ឍរបស់អាហ្វ្រិករួមមាន ១)កង្វះហេដ្ឋារចនាសម្ព័ន្ធ ២)កង្វះបុគ្គលិកឯកទេសនិងអ្នកជំនាញ និង៣) កង្វះទុនវិនិយោគ ។ ដំណោះស្រាយនេះ បានគេចាត់ទុកថា ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ ឬកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ។ ក្នុងរយៈពេល១០កន្លងទៅនេះ សហគ្រាសចិន បានចុះហត្ថលេខាលើ គម្រោងម៉ៅការសាងសង់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងសំណង់នៅទី្វបអាហ្វ្រិក ដូចជាគមនាគមន៍ ថាមពល អគ្គិសនី បណ្តាញអ៊ីនធឺណិត និងលំនៅឋានជាដើម ក្នុងទំហំទឹកប្រាក់លើសពី៧០០ប៊ីលានដុល្លារអាមេរិក និងបានសម្រេចទំហំអាជីវកម្មលើសពី៤០០ប៊ីលានដុល្លារអាមេរិក។ គម្រោងសាងសង់និងស្តារផ្លូវថ្នល់ មានប្រវែង សរុបលើសពី១០ម៉ឺនគីឡូម៉ែត្រ ផ្លូវដែកមានប្រវែង សរុបលើសពី១ ម៉ឺនគីឡូម៉ែត្រ បូករួមទាំងបណ្តាញខ្សែកាប និងបណ្តាញអ៊ីនធឺណិត បានផ្តល់ផលប្រយោជន៍ ដល់ប្រជាជនអាហ្វ្រិកលើសពី៩រយលាននាក់ ។ ក្នុងរយៈពេល៣ឆ្នាំថ្មីៗនេះ សហគ្រាសចិន បានបង្កើតឱកាសការងារលើសពី១.១លាននាក់សម្រាប់ប្រជាជននៅទ្វីបអាហ្វ្រិក ។

ដូចដែលបានចែករំលែក នូវបទពិសោធន៍ជូនដល់ទ្វីបអាហ្វ្រិក ប្រទេសចិនបាននិងកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយ រីឯទ្វីបអាហ្វ្រិកក៏បានពន្លឿន ជំហានឆ្ពោះទៅកាន់ទស្សនទានដែលកំណត់ដោយ «របៀបវារៈឆ្នាំ២០៦៣»របស់សហភាពអាហ្វ្រិក ដើម្បីសម្រេចបាននូវការអភិវឌ្ឍ និង ភាពរុងរឿង។ ភាគីទាំងពីរបានចាប់ដៃគ្នា ជំរុញការធ្វើទំនើបកម្ម ប្រការនេះមានសារសំខាន់ណាស់ចំពោះ «ការរួមគ្នាបង្កើត សហគមន៍ រួមវាសនារវាងចិននិងអាហ្វ្រិកប្រកប ដោយកម្រិតខ្ពស់» ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានលើកឡើង ខណៈពេលឆ្លើយតបសំបុត្រ ចំពោះបញ្ញវន្តនៃប្រទេសទ្វីបអាហ្វ្រិកចំនួន៥០ប្រទេសថា «តាំងពីដើមមក ចិននិងអាហ្វ្រិកគឺ ជាសហគមន៍ រួមវាសនារបស់មនុស្សជាតិ» ហើយដែលប្រជាជនអាហ្វ្រិក បានទទួលផល ពីការរំពឹងទុករបស់ខ្លួន នៃដំណើរការប្រកបដោយផ្លែផ្កា នៃសហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិកក្នុងយុគសម័យថ្មី ហើយក្នុងពិធីបើកវេទិកាលើកទី២៤នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក Xi Jinping ថែមទាំងបានលើកទឹកចិត្តដល់ទ្វីបអាហ្រ្វិកបន្តពួតដៃគ្នាជាមួយប្រទេសចិនក្នុងបុព្វហេតុ«ទំនើបកម្មចំនួន៦» រួមមាន៖ ១)យុត្តិធម៌និងសមហេតុផល ២)ការបើកចំហនិងឈ្នះ-ឈ្នះ ៣)ការតម្កល់ប្រជាជនជាចម្បង ៤)ពិពិធកម្មនិងបរិយាបន្ន ៥)សុខដុមនីយកម្មជាមួយបរិស្ថាន និង ៦)សន្តិភាពនិងសន្តិសុខ។ បន្ថែមពីលើនេះ រាល់កិច្ចអភិវឌ្ឍនៅក្នុងទ្វីបអាហ្វ្រិក ប្រទេសចិន បានដើរតួនាទីសំខាន់ណាស់ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃសេដ្ឋកិច្ចបៃតង ដោយធានា បានការរួម ចំណែកជាមួយទ្វីបអាហ្វ្រិក នូវការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមទិសដៅរបស់អង្គការ សហប្រជាជាតិសម្រាប់ឆ្នាំ២០៣០ ។

ដូចដែលបានកត់ត្រាដោយប្រវត្តិវិទូ ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ទំនាក់ទំនងរវាងចិន និងទ្វីបអាហ្វ្រិក ជាពិសេសឆ្នាំ២០២៤នេះ បានចាប់ដៃគ្នាបោះជំហានឈាន ចូលយុគសម័យថ្មីឈរយ៉ាងរឹងមាំលើទម្រនៃភក្តីភាពនិងកល្យាណមិត្ត ហើយភាគីទាំងពីរបានសម្លឹងមើល ទៅអនាគតដ៏ត្រចះត្រចង់ក្នុងសហគមន៍វាសនារួមគ្នាប្រៀប ដូចជាគ្រួសារតែមួយ ដោយលោក Xi Jinping បានសន្យាប្រកបដោយទំនួលខុសត្រូវខ្ពស់ថា ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយទ្វីបអាហ្រ្វិក ដើម្បីអនុវត្តសកម្មភាព នៃភាពជាដៃគូ សំខាន់ៗចំនួន ១០ បូករួមទាំងការ រៀនសូត្រ ពីអរិយធម៌ ទំនើបទៅវិញទៅមក ពាណិជ្ជកម្មនិងវិបុលភាព និងកិច្ចសហប្រតិបត្តិការ ខ្សែសង្វាក់ឧស្សាហកម្មជាដើម ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ ចិន-អាហ្វ្រិក និងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង ។

ជារួម ដូចទៅនឹងសុបិនរួម រវាងចិន និងអាហ្វ្រិក ទំនាក់ទំនងរវាងចិននិង អាហ្វ្រិកដែលបានឆ្លុះបញ្ចាំង តាមរយៈវេទិកាលើកទី២៤ ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក បានឈានដល់ដំណាក់ កាល នៃការរីកចម្រើនដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ។ ភាគីទាំងពីរ ចិននិងអាហ្វ្រិកមានភាពក្លាហាន ក្នុងបោះជំហាន លើកកម្រិតកម្ពស់ ហើយសម្លឹង មើលយ៉ាងឆ្ងាយ នូវទស្សនវិស័យដើម្បីកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ និងថែរក្សាអរិយធម៌អេកូឡូស៊ី ដោយសហការគ្នា ប្រមូលផ្តុំនូវពុទ្ធិ និងកម្លាំងរបស់ប្រជាជនចិន និង អាហ្វ្រិកដែលមានចំនួនច្រើន ជិត៣ពាន់លាននាក់ ដោយលាតត្រដាងនូវមាគ៌ានៃផែនទីបង្ហាញ ផ្លូវឆ្ពោះទៅកាន់យុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះចិន-អាហ្វ្រិកប្រកប ដោយទំនុកចិត្តខ្ពស់៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិ សមាគមមិត្តភាពកម្ពុជា-ចិន

To Top