ព័ត៌មានអន្តរជាតិ

អូស្ត្រាលី និង​ជប៉ុន គូសបញ្ជាក់​ឡើងវិញ​នូវ​ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ចំពេល​មាន​ការកើនឡើង នូវឥទ្ធិពល​របស់​ចិន

Kyodo

តូក្យូ៖ ប្រទេសជប៉ុន និងអូស្ត្រាលី បានអះអាងឡើងវិញនូវកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ហើយបានសន្យាផ្តល់ជំនួយ ដល់ប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលរបស់ពួកគេ ក្នុងគោលបំណងប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ក៏បានចែករំលែកក្តីបារម្ភអំពីសកម្មភាពយោធា របស់ចិននៅក្នុងទឹកដីរបស់ប្រទេសជប៉ុន រួមទាំងការរំលោភដែនអាកាសរបស់ខ្លួន ដោយយន្តហោះចារកម្មចិន កាលពីសប្តាហ៍មុនផងដែរ។

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Minoru Kihara បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង Queenscliff ក្នុង រដ្ឋ Victoria ភាគអាគ្នេយ៍អាមេរិក។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា លោកស្រី និងរដ្ឋមន្ត្រីផ្សេងទៀតបានទទួលស្គាល់ ប្រជាជាតិរបស់ពួកគេកំពុងប្រឈមមុខនឹង បញ្ហាប្រឈមជាយុទ្ធសាស្ត្រ ដោយបន្ថែមថាពួកគេប្រឆាំងនឹង “ការប៉ុនប៉ងឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពដោយកម្លាំង” នៅក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះ អូស្ត្រាលី និងជប៉ុនបានឲ្យដឹងថា ពួកគេ “ប្តេជ្ញាចិត្តឱ្យកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងសន្តិសុខរបស់យើង” ដើម្បីជួយទប់ស្កាត់ជម្លោះ និងរក្សាសន្តិភាព និងស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជាផ្នែកនៃជំនួយដល់ប្រទេសកោះប៉ាស៊ីហ្វិក អូស្ត្រាលី និងជប៉ុននឹងធ្វើការជាមួយដៃគូ ដែលមានគំនិតដូចគ្នា ដើម្បីធានាបាននូវការតភ្ជាប់ខ្សែ ទូរគមនាគមន៍ក្រោមសមុទ្រ សម្រាប់ប្រជាជាតិនានា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Richard Marles បានឲ្យដឹងថា រដ្ឋមន្ត្រីបានព្រមព្រៀងគ្នាដើម្បីបង្កើនទំនាក់ទំនង រវាងកងកម្លាំងទ័ពអាកាសរបស់ប្រទេសទាំងពីរ និងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនង ត្រីភាគីជាមួយសហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top