ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន សន្យាថា នឹងផ្តល់ថវិកា ជាង៥០ពាន់លានដុល្លារ សម្រាប់អាហ្វ្រិក ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ

AFP

បរទេស ៖ មេដឹកនាំចិនលោក ស៊ី ជិនពីង កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាផ្តល់ហិរញ្ញប្បទានជាង ៥០ ពាន់លានដុល្លារសម្រាប់ទ្វីបអាហ្រ្វិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដោយសន្យាថា នឹងធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ក្នុងហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មជាមួយទ្វីបនេះ ខណៈដែលលោកបានថ្លែង សុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូល ដ៏ធំបំផុតរបស់ទីក្រុងប៉េកាំង ចាប់តាំងពីជំងឺរាតត្បាត។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន គឺមេដឹកនាំអាហ្វ្រិកជាង ៥០រូប និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានចូលរួមវេទិកាចិន-អាហ្វ្រិកនៅសប្តាហ៍នេះផងដែរ។

មេដឹកនាំអាហ្រ្វិក បានធានាកិច្ចព្រមព្រៀងជាច្រើនរួចទៅហើយ នៅសប្តាហ៍នេះសម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការរុករករ៉ែ ពាណិជ្ជកម្ម និងថាមពល ។

ថ្លែងទៅកាន់មេដឹកនាំនៅក្នុងពិធីបើកវេទិកានៅវិមានប្រជាជនដ៏ប្រណិតរបស់ទីក្រុងប៉េកាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក ស៊ី ជិនពីង បានសាទរចំពោះទំនាក់ទំនងជាមួយទ្វីបនេះថាជា “រយៈពេលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

លោក​បាន​បន្ត​ថា​៖ «​ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និង​ការ​វិនិយោគ។

លោកថា “ក្នុងរយៈពេលបីឆ្នាំខាងមុខ រដ្ឋាភិបាលចិនមានឆន្ទៈក្នុងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៥០,៧ ពាន់លានដុល្លារ”។

លោកបាននិយាយថា ជាងពាក់កណ្តាលនៃចំនួននោះនឹងមាននៅក្នុងឥណទាន ជាមួយនឹង ១១ ពាន់លានដុល្លារ “នៅក្នុងប្រភេទជំនួយផ្សេងៗ” ក៏ដូចជា ១០ ពាន់លានដុល្លារតាមរយៈការលើកទឹកចិត្តក្រុមហ៊ុនចិនឱ្យវិនិយោគ។

លោកស៊ី ប្រធានាធិបតីចិនក៏បានសន្យាថានឹងជួយ “បង្កើតការងារយ៉ាងហោចណាស់មួយលានសម្រាប់អាហ្វ្រិក”ផងដែរ ។

ថ្លែងទៅកាន់កិច្ចប្រជុំនេះផងដែរ អគ្គ​លេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានប្រាប់មេដឹកនាំអាហ្វ្រិកថា ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងប្រទេសចិន និងទ្វីបអាច “ជំរុញឱ្យមានបដិវត្តថាមពលកកើតឡើងវិញ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top