ព័ត៌មានអន្តរជាតិ

វៀតណាម ដាក់ពង្រាយទាហាន ៤៥ ម៉ឺននាក់ ដើម្បីទប់ទល់នឹងព្យុះទីហ្វុង Yagi ដែលនឹងមកដល់ ប្រទេសនេះនៅថ្ងៃសៅរ៍

VN Express

បរទេស ៖ ប្រទេសវៀតណាមកំពុងទប់ទល់នឹងព្យុះទីហ្វុងឈ្មោះ Yagi ដោយអនុវត្តវិធានការសុវត្ថិភាព យ៉ាងទូលំទូលាយ ការជម្លៀសខ្លួន និងការបែងចែកធនធាន ខណៈដែលព្យុះទីហ្វុង Yagi ត្រូវបានគេរំពឹងថា នឹងបោកបក់នៅឆ្នេរសមុទ្រ ភាគខាងជើងនៅថ្ងៃសៅរ៍នេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកហាណូយ JSC នៅថ្ងៃសុក្របានប្រកាសថានឹងផ្អាករថភ្លើងជាច្រើនរវាងទីក្រុងហាណូយ និង Hai Phong នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងរវាងទីក្រុងហាណូយ និង Vinh នៅថ្ងៃសៅរ៍ ដើម្បីជៀសវាងផលប៉ះពាល់ពីព្យុះ Yagi ។

រថភ្លើងពីជើងទៅត្បូងដែលចេញដំណើរពីហាណូយនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ហើយរថភ្លើងដែលចេញដំណើរពី HCMC នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយក៏ត្រូវបានផ្អាកដែរ។

បុគ្គលិកយោធាសរុបចំនួន ៤៥៧.៤៦០ នាក់ រួមទាំងទាហាន ៩៩.១០០ នាក់ , កងសេនាជន ៣១៨.៩០០ នាក់ និងសមាជិកកងកម្លាំងបម្រុងចំនួន ៣៩.៣៧០ នាក់ រួមជាមួយនឹងរថយន្តជាង ១០.១០០ គ្រឿងត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងព្យុះទីហ្វុង Yagi ។

ក្រុមមកពីផ្នែកអគ្គិសនី ធ្យូងថ្ម និងរ៉ែ ក៏ដូចជាអាជ្ញាធរគ្រប់គ្រងផ្លូវ ត្រូវបានបញ្ជូនទៅកាន់តំបន់ ដើម្បីត្រួតពិនិត្យ និងគាំទ្រ។ ចំណែកនៅទីក្រុងហាណូយ ក៏ត្រៀមជម្លៀសប្រជាជនចេញពីអគារផ្ទះល្វែងដែលចាស់ៗផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top