ព័ត៌មានអន្តរជាតិ

ជប៉ុន ទំនងជាបន្តការទាញ យកកំទេចកំទីឥន្ធនៈ នៅរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា នៅសប្តាហ៍ក្រោយ

តូក្យូ៖ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានឲ្យដឹងថា ខ្លួនអាចនឹងបន្តប្រតិបត្តិការ ដើម្បីទាញយកកំទេចកំទីឥន្ធនៈនុយក្លេអ៊ែរចំនួនតិចតួចពីម៉ាស៊ីនរ៉េអាក់ទ័រពិការមួយនៅឯរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលរងគ្រោះដោយគ្រោះមហន្តរាយនៅសប្តាហ៍ក្រោយ។ 

នៅថ្ងៃទី២២ ខែសីហា ក្រុមហ៊ុន TEPCO ត្រូវបានកំណត់ ដើម្បីព្យាយាមទាញយកកំទេចកំទីរហូតដល់ ៣ក្រាមពីអង្គភាពលេខ២ នៅរោងចក្រនុយក្លេអ៊ែរខាងលើនេះ ប៉ុន្តែបានផ្អាកប្រតិបត្តិការ បន្ទាប់ពីរកឃើញ កំហុសក្នុងការដំឡើងអំឡុងពេលរៀបចំ។

មន្ត្រី TEPCO បានឲ្យដឹងនៅក្នុងសន្និសីទសារ ព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់បំពង់ខុសបច្ចេកទេស ដែលបានប្រើនៅក្នុងការងារទាញ យកកំទេចកំទីឥន្ធនៈ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការបាន បណ្តាលឱ្យមានការផ្អាកការទាញយកការសាកល្បងកាលពីខែមុន។

ពួកគេបានបន្ថែមថា បំពង់ទាំងនោះមើល ទៅស្រដៀងគ្នា ហើយវាពិបាកក្នុងការបែងចែកសម្រាប់កម្មករ ដែលពាក់ឧបករណ៍ការពារនៅ ក្នុងបរិយាកាសវិទ្យុសកម្មខ្ពស់។

ការដំឡើងឧបករណ៍ចាំបាច់ ត្រូវបានគ្រប់គ្រងជាចម្បងដោយអ្នកម៉ៅការ ហើយមន្ត្រីពាក់ព័ន្ធមិនបានបញ្ជាក់ ពីនីតិវិធីដោយផ្ទាល់ ដែលនាំឱ្យមានកំហុសក្នុងការដំឡើងឧបករណ៍ទាញយក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top