ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំង ផ្ញើសារទៅកាន់ព្រះរាជាណាចក្រ Eswatini របស់ទ្វីបអាហ្រ្វិក ជុំវិញទំនាក់ទំនងកោះតៃវ៉ាន់

RT News

បរទេស៖ ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនរំពឹងថាព្រះរាជាណាចក្រ Eswatini នឹង “ធ្វើការសម្រេចចិត្តត្រឹមត្រូវ” និងកាត់ផ្តាច់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយកោះតៃវ៉ាន់។ Eswatini គឺជាប្រទេសអាហ្វ្រិកតែមួយគត់ដែលជាសម្ព័ន្ធមិត្តរបស់កោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃប្រទេសចិន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃពុធក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយ Eswatini ។

លោកស្រីបាននិយាយថា “មានចិនតែមួយនៅលើពិភពលោក ហើយកោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន… បណ្តាប្រទេសអាហ្វ្រិកគាំទ្រយ៉ាងទូលំទូលាយនូវគោលការណ៍ចិនតែមួយ និងចាត់ទុកកិច្ចសហប្រតិបត្តិការរបស់ពួកគេជាមួយប្រទេសចិនថាមានប្រយោជន៍សម្រាប់វិបុលភាពសេដ្ឋកិច្ចរបស់ទ្វីបអាហ្រ្វិក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា “ការអភិវឌ្ឍន៍ទំនាក់ទំនងផ្លូវការជាមួយតំបន់តៃវ៉ាន់ មិនមែនជាចំណាប់អារម្មណ៍របស់ Eswatini ទេ។ យើងជឿថា នៅទីបំផុត Eswatini នឹងឃើញនិន្នាការដែលកំពុងពេញនិយមនៅក្នុងពិភពលោក ហើយធ្វើការសម្រេចចិត្តត្រឹមត្រូវតាមនោះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top