ព័ត៌មានអន្តរជាតិ

សមាជិកណាតូ ៣ ប្រទេសសន្យាផ្តល់រថក្រោះបន្ថែមទៀតឲ្យអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បានប្រកាសថា ប្រទេសអាល្លឺម៉ង់ រួមជាមួយប្រទេសដាណឺម៉ាក និងហូឡង់ នឹងធ្វើការផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ចំនួន ៧៧គ្រឿង បន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន។

លោករដ្ឋមន្ត្រីរូបនេះបាននិយាយថា លើសពីនេះ ទីក្រុងប៊ែរឡាំង មានបំណងផ្តល់ជើងបញ្ឈរបាញ់ស្វ័យប្រវត្តិប្រភេទ PzH ២០០០ ចំនួន ១២គ្រឿង បន្ថែមទៀតដល់ទីក្រុងគៀវផងដែរ។

អធិការបតី Olaf Scholz បានយល់ព្រមលើការប្រគល់រថក្រោះផលិតដោយអាល្លឺម៉ង់ទៅអ៊ុយក្រែនវិញក្នុងខែមករា ឆ្នាំ២០២៣ ហើយទោះបីជាចំនួនរថក្រោះដែលទីក្រុងគៀវបានបាត់បង់តាំងពីពេលនោះមក មិនត្រូវបានដឹងក៏ដោយ ប៉ុន្តែយោធារុស្ស៊ីបានបញ្ចេញវីដេអូជាច្រើនដែលបង្ហាញពីការបំផ្លាញអាវុធទាំងនេះ។

លោកPistorius បានជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky នៅក្នុងកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅឯមូលដ្ឋានយោធាអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់កាលពី ថ្ងៃសុក្រ។

លោកPistorius បានប៉ាន់ប្រមាណថា ប្រទេសអាល្លឺម៉ង់ រួមជាមួយនឹងប្រទេសដាណឺម៉ាក បានប្រគល់រថក្រោះ Leopard 1A5 ចំនួន ៥៨គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែនរួចហើយ ជាមួយនឹងផែនការក្នុងការផ្តល់អាវុធនេះបន្ថែមចំនួន ៧៧គ្រឿង ទៀតនាពេលខាងមុខ៕

ប្រែសម្រួល៖ ស៊ុនលី

To Top