ព័ត៌មានអន្តរជាតិ

សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក

Kyodo

តូក្យូ៖ សហព័ន្ធធុរកិច្ចជប៉ុន បានជំរុញឱ្យមានភាពយុត្តិធម៌ ក្នុងការពិនិត្យឡើងវិញនូវផែនការរបស់ក្រុមហ៊ុន Nippon Steel Corp. ក្នុងការទិញយកក្រុមហ៊ុន United States Steel Corp. ខណៈដែលទីក្រុងវ៉ាស៊ីនតោន ទំនងជាត្រូវបានកំណត់ ដើម្បីរារាំងកិច្ចព្រមព្រៀងនេះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៥ ខែវិច្ឆិកា។

សហព័ន្ធធុរកិច្ចជប៉ុន បានបញ្ចេញមតិជាសាធារណៈនៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ទាក់ទងនឹងសកម្មភាពសាជីវកម្មជាក់លាក់មួយ បន្ទាប់ពីរបាយការណ៍របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការបដិសេធការផ្តល់ជូនដោយក្រុមហ៊ុនផលិតដែកដ៏ធំរបស់ប្រទេសជប៉ុន ក្នុងការទិញយកក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Pittsburgh ។

សហព័ន្ធបានឲ្យដឹងថា ផែនការទិញយក “បានប្រមូលចំណាប់អារម្មណ៍យ៉ាងសំខាន់ក្នុងចំណោមក្រុមហ៊ុនជប៉ុន ជាពិសេសក្រុមហ៊ុន ដែលពិចារណាវិនិយោគនៅសហរដ្ឋអាមេរិក” ។

ប្រភពបានឲ្យដឹង “យើងសង្ឃឹមយ៉ាងមុតមាំថា នីតិវិធីត្រួតពិនិត្យនឹងប្រព្រឹត្តទៅដោយសុចរិតភាព និងយុត្តិធម៌បំផុត ស្របតាមច្បាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

មន្ត្រីនៃសហព័ន្ធបានឲ្យដឹងថា “យើងមិនយល់ថាហេតុអ្វីបានជារដ្ឋាភិបាលសហរដ្ឋអាមេរិក ព្យាយាមរារាំងកិច្ចព្រមព្រៀងនេះ។ ប្រសិនបើត្រូវបានបដិសេធ ហេតុផលគួរតែជាការផ្តោតទៅច្បាប់” ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យដែលកំពុងឈរឈ្មោះបន្តពីលោក បៃដិន បានជំទាស់នឹងការទិញយកដែលបានគ្រោងទុកដោយក្រុមហ៊ុន Nippon Steel ដែលជាអ្នកផលិតធំជាងគេទី៤ របស់ពិភពលោកនៅក្នុងសមាគមដែកថែបពិភពលោកឆ្នាំ២០២៣ នៃក្រុមហ៊ុន US Steel ដែលជាក្រុមហ៊ុនធំបំផុតទី២៤៕

ប្រែសម្រួល ឈូក បូរ៉ា

To Top