ព័ត៌មានអន្តរជាតិ

អាហ្សង់ទីន អំពាវនាវ ឲ្យតុលាការឧក្រិដ្ឋកម្ម ICC ចេញដីកាចាប់ខ្លួន មេដឹកនាំវេណេស៊ុយអេឡា លោក Maduro

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាហ្សង់ទីន បានអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថាICC ចេញដីកាចាប់ខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងមន្ត្រីផ្សេងទៀត ដោយលើកឡើង ពីការរំលោភសិទ្ធិមនុស្ស អំឡុងពេលការបង្ក្រាបលើភាពចលាចល ក្រោយការបោះឆ្នោតនាពេលកន្លងមក ។

ក្រសួងការបរទេសអាហ្សង់ទីន បានអះអាង កាលពីថ្ងៃសុក្រថា សកម្មភាពដែលរដ្ឋាភិបាលរបស់លោក Maduro ធ្វើឡើងចាប់តាំងពីការបោះឆ្នោត ថ្ងៃទី២៨ខែកក្កដា អាច បង្កើតជាឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ហើយសេចក្តីថ្លែងការណ៍នេះបាននិយាយថា សំណើទៅតុលាការនឹងត្រូវដាក់ ជូននៅថ្ងៃចន្ទសប្តាហ៍ក្រោយ ។

យោងតាមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត វេណេស៊ុយអេឡា លោក Maduro បានឈ្នះការបោះឆ្នោតប្រធានាធិបតីខែកក្កដា ជាមួយនឹងសំឡេងគាំទ្រ ៥២ភាគរយ ដែលទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឆាំងដែលគាំទ្រ ដោយលោកខាងលិច បានចោទប្រកាន់មន្ត្រី នៅទីក្រុងការ៉ាកាសថា បានក្លែងបន្លំសន្លឹកឆ្នោត ដោយបេក្ខជនប្រជែងលោក Edmundo Gonzalez បានអះអាងថា តាមពិតគាត់ទទួលបានការគាំទ្រដល់ទៅ៦៧ភាគរយ។

ការតវ៉ាបានបន្តសកម្មភាពពាសពេញប្រទេស បន្ទាប់ពីលទ្ធផលត្រូវបានប្រកាសហើយ លោក Maduro បានថ្កោលទោសភាពចលាចលនេះ ថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងនឹងវេណេស៊ុយអេឡា ហើយបាតុករជាង ២,០០០ នាក់មកហើយដេលត្រូវបានចាប់ខ្លួនចាប់តាំងពីពេលនោះមក។

រដ្ឋាភិបាលទីក្រុងការ៉ាកាសក៏បានបើកការស៊ើបអង្កេត ឧក្រិដ្ឋកម្មទៅលើឥស្សរជនប្រឆាំង Edmundo Gonzalez និង Maria Corina Machado បន្ទាប់ពីពួកគេបានអំពាវនាវ ឱ្យកងកម្លាំងប្រដាប់អាវុធ ទម្លាក់ការគាំទ្រប្រធានាធិបតីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top