បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានអំពាវនាវ ឱ្យសមាជិកណាតូ បន្តបំពាក់អាវុធ ដល់ប្រទេសរបស់គាត់ និងដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យយល់ព្រមតាមលក្ខខណ្ឌ សន្តិភាពរបស់ទីក្រុងគៀវ នៅត្រឹមរដូវស្លឹកឈើ ជ្រុះខាងមុខនេះ ។
លោកបានថ្លែង ដូច្នេះក្នុងអំឡុងពេលជួបជា មួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ហើយការជួបជុំជាប្រចាំនៅទីនោះ ត្រូវបានរៀបចំឡើង ដើម្បីសម្របសម្រួលជំនួយ យោធាដល់ក្រុងគៀវ។
លោកZelensky បានជំរុញឱ្យបណ្តាប្រទេស លោកខាងលិចគាំទ្រការផលិតអាវុធរួមគ្នា រួមទាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលនៅលើទឹកដី អ៊ុយក្រែនផងដែរ។
លោក Austin បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការផលិតសព្វាវុធដោយនិយាយថា សហរដ្ឋអាមេរិកកំពុង ធ្វើការជាមួយអ៊ុយក្រែនក្នុងការរចនា និងសាងសង់ជំនួសប្រព័ន្ធមីស៊ីល ពីដីទៅអាកាស S-300 និងកាំជ្រួច R-27ជាដើមផង។
លោកបាននិយាយទៀតថា ៖ ទីក្រុងវ៉ាស៊ីនតោនបានត្រៀមថវិកាជាង២០០លានដុល្លារដើម្បីទិញសមាសធាតុសំខាន់ៗ ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែន ផលិតយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក៕
ប្រែសម្រួល៖ស៊ុនលី