បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានអំពាវនាវ ឱ្យមានការបង្កើតសម្ព័ន្ធភាព ទូលំទូលាយ នៃបណ្តាប្រទេសអ៊ីស្លាមដើម្បីដោះស្រាយ ការគំរាមកំហែង នៃការពង្រីកនិយម ដែលមានប្រភពមកពីប្រទេសអ៊ីស្រាអែល។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា មេដឹកនាំរូបនេះបានថ្លែងសុន្ទរកថា កាលពីថ្ងៃសៅរ៍ ខណៈកំពុងនិយាយនៅឯព្រឹត្តិការណ៍ សមាគមសាលាអ៊ីស្លាមមួយនៅខាងក្រៅទីក្រុងអ៊ីស្តង់ប៊ុល ។
លោក Erdogan បានអះអាងថា ៖ ជំហានតែមួយគត់ដែលនឹងបញ្ឈប់ភាពក្រអឺត ក្រទមរបស់អ៊ីស្រាអែល ការលួចប្លន់របស់អ៊ីស្រាអែល និងអំពើភេរវកម្មរដ្ឋអ៊ីស្រាអែលនោះគឺជាសម្ព័ន្ធមិត្តនៃ ប្រទេសអ៊ីស្លាមទាំងអស់បញ្ចូលគ្នា ។
លោកប្រធានាធិបតីរូបនេះក៏បានកត់សម្គាល់ដែរថា ទីក្រុងអង់ការ៉ា បានចាត់វិធានការរួចហើយក្នុងគោលបំណង បង្កើតខ្សែបន្ទាត់ នៃសាមគ្គីភាពប្រឆាំង នឹងការគំរាមកំហែង នៃការពង្រីកលទ្ធិនិយម នាពេលថ្មីៗនេះ ពោលគឺតាមរយៈការស្វែងរកការជួសជុល ទំនាក់ទំនងជាមួយប្រទេសស៊ីរី និងអេហ្ស៊ីបជាដើមផង ។
លោកប្រធានាធិបតី បានចោទប្រកាន់អ៊ីស្រាអែលថា កំពុងស្វែងរកសង្រ្គាមមជ្ឈិមបូព៌ាដ៏ធំមួយ ដើម្បីដណ្តើមយក និងកាន់កាប់វាបន្ថែមទៀតហើយ លោកក៏បានសរសើរក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដោយនិយាយថា ខ្លួនបាននឹងកំពុង ប្រយុទ្ធជាមួយអ៊ីស្រាអែល ក្នុងនាមប្រជាជនម៉ូស្លីម និង ការពារទឹកដីអ៊ីស្លាម រួមទាំងតួគីផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី