ហ្គាហ្សា ៖ យោងតាមប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីទីក្រុងជេនីន នៃតំបន់វេសបែង កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រតិបត្តិការរយៈពេល ១០ ថ្ងៃ ដែលបានបណ្តាលឲ្យមនុស្ស ២១នាក់បានស្លាប់។
ប្រភពសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការ កងកម្លាំងអ៊ីស្រាអែលបានបង្កការខូចខាតយ៉ាងសំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋាន ដែលនាំឱ្យដាច់ចរន្តអគ្គិសនី ទំនាក់ទំនង និងអ៊ីនធឺណិតនៅក្នុងតំបន់ធំនៃទីក្រុង។
ក្រសួងការពារជនស៊ីវិលប៉ាឡេស្ទីន បានប្រកាសថា ផ្លូវ និង សង្កាត់ជាង ២៥ គីឡូម៉ែត្រក្នុងទីក្រុងជេនីន និងជំរំរបស់វាត្រូវបាន បំផ្លាញទាំងស្រុងដោយប្រតិបត្តិការ របស់កងទ័ព នេះបើយោងតាមការ វាយតម្លៃការខូចខាតដំបូង។
ទន្ទឹមនឹងនេះ ទូរទស្សន៍ Kan TV របស់អ៊ីស្រាអែលបានរាយការណ៍ថា កងទ័ពបានលុបបំបាត់ “ភេរវករ” ក្នុងអំឡុងពេលប្រតិបត្តិការ ដោយចាប់ខ្លួនជនសង្ស័យជាង ៤០នាក់ រឹបអូសអាវុធ ២៤ដើម និងបំផ្លាញគ្រឿងផ្ទុះរាប់សិបទៀត។
ទោះជាយ៉ាងណាក៏ដោយ ប្រភពសន្តិសុខរបស់អ៊ីស្រាអែល បានប្រាប់ទូរទស្សន៍ថា ប្រតិបត្តិការមិនទាន់ចប់នោះទេ ហើយ “យើងនឹងត្រឡប់ទៅទីក្រុងជេនីន និងកន្លែងផ្សេងទៀតវិញ ក្នុងពេលឆាប់ៗនេះ” ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន ៣៩នាក់ត្រូវបានសម្លាប់ និងប្រហែល ១៥០នាក់ផ្សេងទៀតបាន រងរបួសនៅតំបន់វេសបែង ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ យោធាអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែសីហា៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
