ព័ត៌មានអន្តរជាតិ

អាស៊ាន អំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការ ជាសកល សម្រាប់សេដ្ឋកិច្ចបៃតង

Xinhua

ហ្សាកាតា ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងជំរុញកិច្ចសហប្រតិបត្តិការជាសកល រវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងសេដ្ឋកិច្ចបៃតង ដោយជំរុញកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការផ្លាស់ប្តូរ ថាមពលស្អាត ។

ការប្តេជ្ញាចិត្តនេះត្រូវបានបន្ទរក្នុងថ្ងៃដំបូង នៃវេទិកានិរន្តរភាពអន្តរជាតិ (ISF) ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ។  វេទិកានេះបានប្រមូលផ្តុំមេដឹកនាំពិភពលោក អ្នកធ្វើការសម្រេចចិត្ត នាយកប្រតិបត្តិ និងអ្នកជំនាញផ្នែកនិរន្តរភាព។

ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី លោក Arsjad Rasjid បានឲ្យដឹងនៅក្នុងសុន្ទរកថា សំខាន់របស់លោកថា អាស៊ីអាគ្នេយ៍មាន អំណាចចរចាខ្លាំង ដោយសារវាមានសក្តានុពលដ៏ធំ សម្រាប់ថាមពលកកើតឡើងវិញ និងធនធានធម្មជាតិ ។ នៅក្នុងនោះឥណ្ឌូណេស៊ី ជា​ពិសេស​ក៏​មាន​ដី​វាល​ស្មៅ ព្រៃ​ភ្លៀង និង​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃកោងកាង​ ដែល​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ សម្រាប់​កិច្ច​ប្រឹង​ប្រែង ​បញ្ចេញ​កាបូន។

លោក Rasjid បានលើកឡើងថា “អាស៊ាន មានសក្តានុពលក្នុងការក្លាយ ជាប្រទេសនាំមុខគេក្នុងវិស័យសេដ្ឋកិច្ចបៃតង និងថាមពល។ យើងអាចមើលឃើញថា យើងមានផលិតផលអគ្គិសនី ចាប់ពីរថយន្តអគ្គិសនី (EVs) រហូតដល់ប្រព័ន្ធអេកូឡូស៊ី ដែលផលិតដោយថាមពលបៃតង”។  “ទ្រព្យសម្បត្តិពិសេសទាំងនោះផ្តល់ឱ្យអាស៊ាននូវឱកាស ដើម្បីបំពេញបន្ថែមកំណើន សេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹង ការគ្រប់គ្រងបរិស្ថាន”។

ទោះបីជាយ៉ាងណាក៏ដោយ លោកថា ដើម្បីសម្រេចបាននូវលទ្ធផលនោះ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការការ តភ្ជាប់ជាមួយប្រទេសអភិវឌ្ឍន៍ ដើម្បីឲ្យវាអាចជាអ័ក្សថ្មីមួយ ក្នុងកំណើនសេដ្ឋកិច្ចបៃតង ដើម្បីលើកកម្ពស់និរន្តរភាព ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top