បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៅទីក្រុងប៊ែរឡាំងបានប្រកាសថាប្រទេសអាល្លឺម៉ង់នឹងដាក់ការគ្រប់គ្រងលិខិតឆ្លងដែនឡើងវិញនៅតាមព្រំដែន គោករបស់ខ្លួនយ៉ាងហោចណាស់រយៈពេល៦ខែ ខាងមុខ ដើម្បីទប់ស្កាត់ ការធ្វើចំណាកស្រុកមិនទៀងទាត់។
ប្រទេសអាល្លឺម៉ង់មានព្រំដែនគោកប្រវែង ៣៧០០ គីឡូម៉ែត្រជាមួយប្រទេសដាណឺម៉ាក ហូឡង់ បែលហ្សិក លុចសំបួ បារាំង ស្វីស អូទ្រីស សាធារណរដ្ឋឆេក និងប៉ូឡូញហើយពួកគេ ទាំងអស់សុទ្ធតែជាសមាជិកនៃតំបន់ Schengen របស់សហភាពអឺរ៉ុប។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Nancy Faeser បាននិយាយកាលពីថ្ងៃចន្ទថា ៖យើងកំពុងពង្រឹងសន្តិសុខផ្ទៃក្នុងរបស់យើងតាមរយៈសកម្មភាពជាក់ស្តែង ហើយយើងកំពុងបន្តជំហរដ៏តឹងរឹងរបស់យើង ប្រឆាំងនឹងការធ្វើចំណាកស្រុកមិនទៀងទាត់។
ការគ្រប់គ្រងលិខិតឆ្លងដែន គ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទក្រោយ និងមានរយៈពេល៦ខែ លុះត្រាតែមានការបន្តដោយទីក្រុងប៊ែរឡាំង។
យោងតាមលោកស្រី Faeserបានឲ្យដឹងទៀតដែរថាអាល្ឡឺម៉ង់ មានគោលបំណងបង្រ្កាបមនុស្សចូល ប្រទេសអាល្លឺម៉ង់ ដោយគ្មានទិដ្ឋាការ និងដោះស្រាយការគំរាមកំហែងពី ក្រុមភេរវករអ៊ីស្លាម និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី