បរទេស ៖ កងទ័ពបានដំឡើងតង់នៅកន្លែងកើតហេតុ នៃការបាក់ស្ពាន Phong Chau នៅខេត្ត ភូថូ (Phu Tho) ដោយមានមន្ត្រី និងទាហានជាង ៣០០ នាក់ បានបន្តស្វែងរកជនរងគ្រោះ នៅក្នុងហេតុការណ៍បាក់ស្ពាននេះ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅម៉ោងប្រហែល១០ព្រឹកថ្ងៃទី៩ កញ្ញា ស្ពាន Phong Chau នៅ Phu Tho បានបាក់ ដោយមាន-រថយន្ត១០គ្រឿង ម៉ូតូ២គ្រឿង និងមនុស្ស១៣នាក់បាត់ខ្លួន ។
ឧបនាយករដ្ឋមន្ត្រីរបស់វៀតណាម លោក ហូ ឌឹកភុក បានដឹកនាំការជួយសង្គ្រោះនៅកន្លែងកើតហេតុ។ គិតមកដល់ម៉ោងជិត១រសៀល មនុស្ស៣នាក់ ត្រូវបានគេជួយសង្គ្រោះ ។ នាយកដ្ឋានដឹកជញ្ជូនខេត្តភូថូ បានឲ្យដឹងថា មូលហេតុ នៃការបាក់ស្ពាន គឺដោយសារទឹកហូរខ្លាំង។
ប៉ូលីសខេត្តភូថូ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋផ្តល់ព័ត៌មាន និងរូបភាពមនុស្ស និងយានយន្ត ដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់។
ការស្វែងរកជនរងគ្រោះ ត្រូវបានផ្អាកនៅពេលដែលវាងងឹត ដោយសារតែវាមិនមាន សុវត្ថិភាពសម្រាប់អ្នកជួយសង្គ្រោះ
បច្ចុប្បន្នទឹកទន្លេឡើងខ្ពស់ និងហូរយ៉ាងលឿន ដែលធ្វើឱ្យប្រតិបត្តិការ ជួយសង្គ្រោះមានការលំបាក ។ ក្រុមសង្គ្រោះកំពុងស្វែងរកជនរងគ្រោះទាំងនៅតាមច្រាំងទន្លេ និងខាងក្រោមខ្សែទឹក ។
គណៈកម្មាធិការប្រជាជន ខេត្តភូថូ បានឲ្យដឹងថា កម្ពស់ទឹកទន្លេក្រហមនៅ Am Thuong ឡើងដល់ ២៧,២៥ ម៉ែត្រ លើសកម្រិតប្រកាស អាសន្នលេខ ៣ ៕