ថ្ងៃទី ៩ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានលើកសំណួរអំពីអត្ថន័យរបស់វេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកចំពោះទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ។
លោកស្រី Mao Ning បានថ្លែងថា តាំងពីវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកបានបង្កើតឡើងមក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកបានប្រែពី “ទំនាក់ទំនងភាពជាដៃគូបែបថ្មី” “ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របែបថ្មី” ទៅជា “ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រហូតដល់ “សហគមន៍រួមវាសនាគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី” កម្រិតយុទ្ធសាស្ត្របានលើកកម្ពស់ជាបន្តបន្ទាប់ ។
លោកស្រីបានលើកឡើងថា ទំហំពាណិជ្ជកម្មនិងវិនិយោគរបស់ចិនជាមួយអាហ្វ្រិកបានកើនឡើង២០ដង និង១រយដងដោយឡែកពីគ្នា កិច្ចសហប្រតិបតិ្តការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ "ផែនការសហប្រតិបត្តិការធំៗទាំង ១០ " "ផែនការប្រតិបតិ្តចំនួន ៨ "និង"គម្រោងចំនួន ៩ "បានអនុវត្តដោយរលូន “សកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០”ដែលលើកឡើងក្នុងកិច្ចប្រជុំកំពូលឆ្នាំនេះ នឹងជំរុញឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងអាហ្វ្រិកឡើងដល់កម្រិតថ្មី ។
លោកស្រីបានគូសញ្ជាក់ថា ឈរលើទីចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ ចិននឹងបន្តប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ ស្មោះត្រង់និងទស្សនៈផលប្រយោជន៍ដ៏ត្រឹមត្រូវ ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយរដ្ឋសមាជិកនៃសហភាពអាហ្វ្រិក ក្នុងន័យអនុវត្តសមិទ្ធផលនៃកិច្ចប្រជុំកំពូលលើកនេះ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនចិននិងអាហ្វ្រិក ៕