ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មើលឃើញពីផ្លូវការទូត សម្រាប់ការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥

Afp

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ឱកាសការទូតនៅតែមាន ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក។

លោក Kanaani បានឲ្យដឹងថា ផ្លូវទៅកាន់កិច្ចព្រមព្រៀងនៅតែបើកចំហ ប្រសិនបើភាគីពាក់ព័ន្ធផ្សេងទៀតបង្ហាញការប្តេជ្ញាចិត្តជាក់ស្តែងក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតេអេរ៉ង់ ថា “យើងជឿជាក់ថា ឱកាសការទូតនៅតែមានសម្រាប់ភាគីទាំងអស់ ជាពិសេសអ្នកដែលបដិសេធមិនអនុវត្តកិច្ចព្រមព្រៀងនេះ” ។

លោកបានកត់សម្គាល់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyyed Abbas Araghchi នាពេលថ្មីៗនេះបាន “សន្ទនាតាមទូរស័ព្ទ” ជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell ដោយសម្តែងសុទិដ្ឋិនិយមអំពីកិច្ចពិភាក្សា ដែលមានសក្តានុពលរវាងអ៊ីរ៉ង់ និងសហភាពអឺរ៉ុប។

កួរបញ្ជាក់ថា អ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយប្រទេសធំៗមួយចំនួនក្នុងឆ្នាំ២០១៥។ កិច្ចព្រមព្រៀងនេះបានដាក់កម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីក្នុងខែឧសភា ឆ្នាំ២០១៨ ដោយបានដាក់ទណ្ឌកម្មឡើងវិញ និងជំរុញឱ្យអ៊ីរ៉ង់កាត់បន្ថយការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួនរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top