បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា រុស្ស៊ីបានចាប់ផ្តើមសមយុទ្ធទ័ពជើងទឹកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន។
សមយុទ្ធដែលនឹងមានឈ្មោះថាOcean-2024បានចាប់ផ្តើមកាលពីថ្ងៃអង្គារម្សិលមិញ ហើយត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងពេលដំណាលគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិក និងអាកទិក ក៏ដូចជាសមុទ្រមេឌីទែរ៉ាណេ កាសព្យែន និងសមុទ្របាល់ទិកផងដែរ។
លោក Putin បាននិយាយថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពជើងទឹករុស្ស៊ី និងកងទ័ពអាកាស ក៏ដូចជាពិនិត្យមើលអន្តរប្រតិបត្តិការរបស់ពួកគេ។
លោកPutin បានធ្វើការថ្លែងការបែបនេះនៅពេលលោកបានចូលរួមក្នុងការបើកសមយុទ្ធតាមរយៈតំណភ្ជាប់វីដេអូដោយក្នុងនោះមេដឹកនាំរុស្សីក៏បានរាយការណ៍អំពីចំនួននៅក្នុង សមយុទ្ធនេះមាននាវាចម្បាំង និងនាវាមុជទឹកជាង ៤០០ គ្រឿង ព្រមទាំងនាវាជំនួយ យន្តហោះប្រមាណ ១២០ គ្រឿង និងបុគ្គលិកជាង ៩ ម៉ឺននាក់។
គេជឿជាក់ថាយោធាចិនក៏កំពុងចូលរួមក្នុងសមយុទ្ធរុស្ស៊ីផងដែរហើយ ប្រមុខកងទ័ពជើងទឹករុស្ស៊ី លោកឧត្តមនាវីឯក Aleksandr Moiseev បាននិយាយថា នាវាចំនួនបួន និងយន្តហោះចំនួន ១៥គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិនបានចូលរួមសមយុទ្ធនេះ៕
ប្រែសម្រួល៖ស៊ុនលី