ព័ត៌មានអន្តរជាតិ

យោធាចិន និងអាមេរិក នឹងចូលរួមសមយុទ្ធយោធា មួយជាមួយគ្នានៅ ក្នុងប្រទេសប្រេស៊ីល

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់សំដីកងទ័ពជើងទឹករបស់ប្រទេសប្រេស៊ីលដែលបាននិយាយថា កងទ័ពជើងទឹកអាមេរិក និងចិនកំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយកងកម្លាំងប្រដាប់អាវុធប្រេស៊ីលជាលើកដំបូង។

សមយុទ្ធយោធាដែលត្រូវបានគេស្គាល់ឈ្មោះថា៖Operation Formosa គឺជាសមយុទ្ធយោធាដ៏ធំបំផុតមួយរបស់អាមេរិកឡាទីនហើយវាត្រូវបានធ្វើឡើងដំបូងតាំងពីឆ្នាំ១៩៨៨មកម្ល៉េះនៅជិតទីក្រុង Formosa ប្រទេសប្រេស៊ីល។

បុគ្គលិកយោធាប្រហែល៣,០០០ នាក់មកពីបណ្តាប្រទេសរួមទាំងអាហ្សង់ទីន បារាំង អ៊ីតាលី ម៉ិកស៊ិក នីហ្សេរីយ៉ា ប៉ាគីស្ថាន សាធារណរដ្ឋកុងហ្គោ និងអាហ្វ្រិកខាងត្បូង បានចូលរួមក្នុងសមយុទ្ធដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយនឹងបញ្ចប់នៅថ្ងៃទី១៧ខែកញ្ញា។

អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធប្រេស៊ីលបានប្រាប់ក្រុមអ្នកយកព័ត៌មានថាសមយុទ្ធឆ្នាំនេះរួមមានយោធាចិនចូលរួម៣៣នាក់និង៥៤នាក់មកពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកខណៈដែលកាល​ពី​ឆ្នាំ​មុន អាមេរិក​បាន​បញ្ជូន​ទាហាន​ពី​ទីបញ្ជាការ​ខាង​ត្បូង​របស់​ខ្លួន ខណៈ​ដែល​ចិន​បាន​ចូល​រួម​ជា​អ្នក​សង្កេតការណ៍ប៉ុណ្ណោះ។

របាយការណ៍នេះបានចង្អុលបង្ហាញថា យោធាចិន និងអាមេរិកមិនបានធ្វើសមយុទ្ធយោធារួមគ្នាចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានអញ្ជើញទីក្រុងប៉េកាំងទៅកាន់សមយុទ្ធ Rim of the Pacific ដែលត្រូវបានគេស្គាល់ថា Rimpac ។ ចិន​បាន​បញ្ជូន​នាវា​ចម្បាំង​៥​គ្រឿង និង​ទាហាន​ប្រហែល​១.២០០​នាក់មកចូលរួមកាលពីគ្រានោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top