បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឱ្យដឹងថា ពន្ធនាគារចក្រភពអង់គ្លេស បានចាប់ផ្តើមដោះលែង ជនល្មើស ជាច្រើននៅមុនកាលកំណត់ ។
ការសម្រេចចិត្តនេះគឺជាផ្នែក នៃគម្រោងរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយជាមួយ នឹងការកកស្ទះពន្ធនាគារ នៅទូទាំងប្រទេស ។ ផែនការនេះនឹងត្រូវបាន គេរាយការណ៍ថា នឹងឃើញមនុស្ស ៥,៥០០នាក់នឹង ទទួលបានសេរីភាពឡើងវិញនៅក្នុងខែកញ្ញា និងខែតុលាខាងមុខនេះ។
អ្នកទោសជាង១,៧០០នាក់ នឹង ត្រូវដោះលែងនៅថ្ងៃអង្គារ នៅក្នុងប្រទេសអង់គ្លេស និងវេលស៍ ជាកន្លែងដែលចំនួនអ្នកទោស ជាប់ពន្ធនាគារ បានកើនឡើងដល់៨៨,៥២១ នាក់មកហើយកាលពីសប្តាហ៍មុន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចក្រភព អង់គ្លេស Shabana Mahmood បាននិយាយថា វិធានការនេះកំពុងត្រូវ បានអនុវត្តដើម្បីបញ្ចៀសគ្រោះមហន្តរាយ ដោយហេតុថា បច្ចុប្បន្នទីតាំង ដែលទំនេរ និងនៅសល់តែគុក មានប្រហែលជា១,០០០ កន្លែងប៉ុណ្ណោះ ។
រដ្ឋមន្ត្រីរូបនេះបានរិះគន់ចំៗ ទៅកាន់រដ្ឋាភិបាលមុន ដោយនិយាយថា ការបរាជ័យ របស់ខ្លួនក្នុងការ ដោះស្រាយវិបត្តិសមត្ថភាព បានធ្វើឱ្យពន្ធនាគារ នៅលើចំណុចដួលរលំ ។
គួរឲ្យដឹងដែរថា ចំនួនអ្នកទោសនៅចក្រភពអង់គ្លេស ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ចន្លោះពី ៩៤,៦០០នាក់ ទៅ ១១៤,៨០០នាក់ នៅត្រឹមខែមីនាឆ្នាំ២០២៨៕
ប្រែសម្រួល៖ស៊ុនលី