ព័ត៌មានអន្តរជាតិ

តួកគី ឃាត់ខ្លួនជនសង្ស័យ ដែលជាសមាជិក របស់ក្រុមរដ្ឋឥស្លាមបានចំនួន២៧នាក់

xinhua


អង់ការ៉ា៖ ទូរទស្សន៍រដ្ឋ ឈ្មោះថា TRT បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា ប៉ូលិសតួកគី បានឃាត់ខ្លួនសមាជិកដែលជាជនសង្ស័យចំនួន២៧នាក់នៃក្រុមរដ្ឋឥស្លាម ហៅកាត់ថា (IS) នៅក្នុងប្រតិបត្តិការនៅទូទាំងខេត្តចំនួន១៣ ។


ទូរទស្សន៍ TRT បានផ្សាយឲ្យដឹងថា ប្រធានរដ្ឋអាជ្ញាខេត្ត Western Izmir បានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន៣០នាក់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដែលបានធ្វើឡើងប្រឆាំងនឹងក្រុម IS ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ។

ទូរទស្សន៍ខាងលើបានផ្សាយទៀតថា ជនសង្ស័យសរុបចំនួន២៧នាក់ត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់ក្នុងពេលដំណាលគ្នានៅក្នុងខេត្តចំនួន១៣រួមមាន Ankara, Sakarya, Kocaeli, Istanbul និង Konya ។

ទូរទស្សន៍នេះបានផ្សព្វផ្សាយព័ត៌មានឲ្យដឹងទៀតថា ប៉ូលិសកំពុងស្វែងរកជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ។

រដ្ឋាភិបាលរបស់ប្រទេសតួកគី បានកំណត់លើក្រុម IS ថា ជាអង្គការភេរវករនៅក្នុងឆ្នាំ២០១៣ ហើយប៉ូលិសតួកគី បាននឹងកំពុងធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មជាប្រចាំប្រឆាំងនឹងសមាជិករបស់ក្រុមនេះនៅទូទាំងប្រទេស ៕

To Top