ម៉ូស្គូ៖ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរបស់រុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនអស់ចំនួន ១៤៤គ្រឿងនៅទូទាំងតំបន់ចំនួន៩ ។
ក្រសួងការពារជាតិបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ៧២គ្រឿង ត្រូវបានបំផ្លាញនៅលើតំបន់ Bryansk ហើយចំនួន២០គ្រឿងលើតំបន់ Moscow និងចំនួន១៤គ្រឿងនៅតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។
លោក Andrey Vorobyev អភិបាលតំបន់ម៉ូស្គូ បានលើកឡើងថា រយៈពេលពេញមួយយប់ អគារផ្ទះល្វែងនៅក្នុងសង្កាត់ Ramenskoye នៃតំបន់ម៉ូស្គូ ត្រូវបានខូចខាត ដែលជាលទ្ធផលកើតចេញពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ។
យោងតាមព័ត៌មានបឋមបានផ្សាយថា ស្ត្រីម្នាក់បានស្លាប់ ហើយមនុស្សចំនួន៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយមនុស្សចំនួន៤៣នាក់ ត្រូវបានគេដាក់នៅក្នុងមជ្ឈមណ្ឌល លំនៅដ្ឋានបណ្តោះអាសន្នក្រោយពីការវាយប្រហារ ។
ក្រសួងការពារជាតិបានលើកឡើងថា យន្តហោះគ្មានមនុស្សបើកចំនួន ១៣គ្រឿង ត្រូវបានបំផ្លាញនៅលើតំបន់ Tula ចំនួន៨គ្រឿងនៅលើតំបន់ Belgorod ចំនួន៧គ្រឿងនៅលើតំបន់ Kaluga ចំនួន៥គ្រឿងនៅលើតំបន់ Voronezh ចំនួន៤គ្រឿងនៅលើតំបន់ Lipetsk និង១គ្រឿងនៅលើតំបន់ Oryol ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា