ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានចោទប្រកាន់សមភាគីដូមីនីកែន លោក Luis Abinader ថាជាចោរ និងក្រុមចោរ បន្ទាប់ពីការរឹបអូសយន្តហោះរបស់លោក នៅសាធារណរដ្ឋដូមីនីកែន។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដែលផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍រដ្ឋ លោក ម៉ាឌូរ៉ូ បានអះអាងថា លោក Abinader ដោយមានកិច្ចសហការពីមន្ត្រីក្នុងតំបន់ បានជួយសម្រួលដល់អាជ្ញាធរសហរដ្ឋអាមេរិក ក្នុងការរឹបអូសយកយន្តហោះនោះ។
លោក បានព្រមានថា នៅទីបំផុតប្រជាជនដូមីនីកែន នឹងទទួលខុសត្រូវលើទង្វើរបស់លោក Abinader នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យន្តហោះនេះជាប្រភេទ Dassault Falcon 900EX ត្រូវបានក្រសួងយុត្តិធម៌អាមេរិក ឃាត់ទុកកាលពីដើមខែនេះ ពីបទបំពានលើទណ្ឌកម្ម របស់សហរដ្ឋអាមេរិកប្រឆាំងនឹងវេណេស៊ុយអេឡា ហើយបានបញ្ជូនទៅរដ្ឋផ្លរីដា។
លោក ម៉ាឌូរ៉ូ បានលើកឡើងថា ប្រទេសវេណេស៊ុយអេឡា រក្សាសិទ្ធិរបស់ខ្លួនក្នុងការ ចាត់វិធានការផ្លូវច្បាប់ ដើម្បីដោះស្រាយស្ថានការណ៍នេះ ហើយបានរំលឹកឡើងវិញ នូវការប្រឆាំងរបស់លោក ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា