ព័ត៌មានអន្តរជាតិ

ចិន និងរុស្សី ព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការ

xinhua

ប៉េកាំង៖ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីលោក Sergei Shoigu ថា ប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី និងបន្តពង្រឹងអត្ថន័យយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។ 

ក្នុងជំនួបនោះ លោក វ៉ាង យី ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានកត់សម្គាល់ថា ប្រឈមមុខនឹងការផ្លាស់ប្តូរ ដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលមួយសតវត្សនោះ ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងសុខភាពល្អនៃទំនាក់ទំនងចិន-រុស្ស៊ី គឺផ្អែកលើការណែនាំរបស់  ប្រមុខរដ្ឋនៃប្រទេសទាំងពីរ។

នៅឆ្នាំនេះ ដោយឈរលើចំណុចចាប់ផ្តើមថ្មីនៃខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងរុស្ស៊ី ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរនៅគ្រប់កម្រិត អនុវត្តការឯកភាពដ៏សំខាន់ ដែលប្រមុខរដ្ឋសម្រេចបាន និងពង្រឹងបន្ថែមទៀតនូវនយោបាយ និង មូលដ្ឋានគ្រឹះសង្គមនៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ និងមិត្តភាពដ៏អស់កល្បជានិរន្តរ៍របស់ចិន-រុស្ស៊ី កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក សម្រាប់លទ្ធផលឈ្នះ-ឈ្នះ។

លោកបានសង្កត់ធ្ងន់ថា ប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី ផ្តល់តួនាទីពេញលេញដល់យន្តការពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រចិន-រុស្ស៊ី និងកិច្ចប្រជុំ BRICS នៃតំណាងជាន់ខ្ពស់ ស្តីពីយន្តការសន្តិសុខជាតិ និងបន្តពង្រឹងអត្ថន័យទំនាក់ទំនងយុទ្ធសាស្ត្ររវាងចិន-រុស្ស៊ី។ 

ទន្ទឹមនឹងនោះ លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិនគាំទ្រការងាររបស់រុស្ស៊ី ក្នុងនាមជាប្រធានប្ដូរវេននៃ BRICS ហើយមានឆន្ទៈក្នុងការរួមដៃគ្នា ដើម្បីបង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ឱ្យកាន់តែស៊ីជម្រៅ ដើម្បីបង្កើតយន្តការ BRICS ទៅជាបណ្តាញដ៏សំខាន់មួយ សម្រាប់មហាអំណាចដែលកំពុងលេចចេញ  វេទិកាសំខាន់ សម្រាប់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃសកលខាងត្បូង និងបន្តបើកស្ថានការណ៍ថ្មីក្នុងកិច្ចសហប្រតិបត្តិការ “BRICS+”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top