យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា ប្រទេសនេះកំពុងផ្លាស់ប្តូរទិសដៅ នៃយុទ្ធនាការយោធារបស់ខ្លួន ទៅកាន់ប្រទេសលីបង់ ខណៈយុទ្ធនាការនៅតំបន់ហ្គាហ្សា ជិតដល់ទីបញ្ចប់។
លោកបានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ព្រំដែនអ៊ីស្រាអែល-លីបង់ ជាកន្លែងដែលលោកបាន ទទួលការសង្ខេបអំពី សមយុទ្ធយោធានាពេលថ្មីៗនេះ ដែលជាសមរភូមិនៅក្នុងទឹកដីលីបង់។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យ របស់លោក បានឲ្យដឹងថា “យើងកំពុងផ្លាស់ប្តូរទិសដៅទៅភាគខាងជើង នៅពេលដែលយើងខិតជិតដល់ការ បញ្ចប់បេសកកម្ម នៅភាគខាងត្បូង ដែលជាតំបន់ហ្គាហ្សា” ។
លោកបានប្រាប់ទាហានអ៊ីស្រាអែលថា “អ្នកត្រូវត្រៀមខ្លួន ដើម្បីបំពេញបេសកកម្មនេះ” ពោលជាបេសកកម្មប្រយុទ្ធ នៅក្នុងប្រទេសលីបង់វិញម្ដង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក បានទៅទស្សនាច្រករបៀង Netzarim ដែលបែងចែកតំបន់ហ្គាហ្សា ទៅជាផ្នែកភាគខាងជើង និងភាគខាងត្បូង ហើយបច្ចុប្បន្នស្ថិត នៅក្រោមការគ្រប់គ្រង របស់យោធាអ៊ីស្រាអែល។
លោកបានបន្ដថា “យើងកំពុងប្រតិបត្តិការនៅទីនេះ ដើម្បីសម្រេចបាន នូវគោលបំណងរបស់យើង ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្លាស់ប្តូរទិសដៅ ទៅភាគខាងជើង យ៉ាងឆាប់រហ័ស”៕
ប្រែសម្រួល ឈូក បូរ៉ា