ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ថ្កោលទោសអ៊ីស្រាអែល ចំពោះការ​រារាំង និងបាញ់​ប្រហារ​លើ​ក្បួន​ រថយន្ត​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

CNN

យូអិន៖ អង្គការសហប្រជាជាតិ បានធ្វើការតវ៉ាប្រឆាំង នឹងកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា ដែលរារាំងអស់រយៈពេល ៧ម៉ោងកន្លះ និងបានបាញ់ប្រហារទៅលើក្បួន រថយន្តរបស់អង្គការសហប្រជាជាតិ។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យ របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា “យើងបានតវ៉ា” ហើយខ្ញុំគិតថា ពួកយើងបានទាក់ទង ជាមួយមន្ត្រីអ៊ីស្រាអែលជាច្រើន ដែលយើងអាចទូរស័ព្ទ ជាមួយកាលពីម្សិលមិញ ក្នុងអំឡុងពេលជាង ៧ម៉ោង ដែលរឿងនេះកំពុងកើតឡើង។

លោកបានលើកឡើងថា សមាជិកបុគ្គលិកអង្គការ សហប្រជាជាតិចំនួន ១២នាក់កំពុងធ្វើដំណើរ ដើម្បីគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំង ជំងឺស្វិតដៃជើង នៅភាគខាងជើងតំបន់ហ្គាហ្សា ហើយក្បួនរថយន្ដត្រូវ បានសម្របសម្រួលយ៉ាងពេញលេញ ជាមួយកងកម្លាំងអ៊ីស្រាអែល ជាមួយនឹងព័ត៌មានលម្អិតទាំងអស់ ត្រូវបានផ្តល់ជូនជាមុន។

អ្នកនាំពាក្យបានបន្ដថា ឧបទ្ទវហេតុនេះ គឺជាឧទាហរណ៍ចុងក្រោយបំផុតនៃគ្រោះថ្នាក់ និងឧបសគ្គ ដែលមិនអាចទទួល យកបាន ដែលបុគ្គលិកមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សាកំពុងជួបប្រទះ ។  រយៈពេលតិចជាងពីរសប្តាហ៍មុនក្បួន រថយន្តរបស់អង្គការសហប្រជាជាតិ មួយផ្សេងទៀត ត្រូវបានវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាដូចគ្នា។

លោកបានបន្ថែមថា នៅពេលដែលក្រុមត្រូវ បានបញ្ឈប់នៅប៉ុស្តិ៍ត្រួតពិនិត្យ Al Rashid ពួកគេត្រូវបានជូនដំណឹងថា កងកម្លាំងអ៊ីស្រាអែល ចង់ឃុំបុគ្គលិកអង្គការសហប្រជាជាតិ ពីរនាក់នៅក្នុងក្បួនដើម្បីសាកសួរ ហើយស្ថានការណ៍​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ដោយ​ទាហាន​បាន​បង្វែរ អាវុធ​របស់​ពួកគេ​ផ្ទាល់ ​ទៅ​កាន់​បុគ្គលិក​របស់​យើង​ក្នុង​ក្បួន​រថយន្ត”។

លោកបានបន្ថែមទៀតថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធក្បួនរថយន្ត ហើយបានបាញ់ទៅលើរថយន្ត ហើយរថក្រោះ​និង​គ្រឿងចក្រ​របស់​កងកម្លាំង​ ការពារ​អ៊ីស្រាអែល បាន​វាយ​កម្ទេច​រថយន្ត​របស់​អង្គការសហប្រជាជាតិ​ទាំងមុខទាំងក្រោយ​៕
ប្រែសម្រួល ឈូក បូរ៉ា

To Top