បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា អ៊ីរ៉ង់មិនបានផ្គត់ផ្គង់ មីស៊ីលផ្លោងឱ្យរុស្ស៊ីទេ បើទោះបីជាអ្វីដែល ក្រុមប្រទេសដែលចូលចិត្ត ប្រើប្រាស់ទណ្ឌកម្ម នៅលោកខាងលិច តែងតែបានអះអាងក៏ដោយ ។
ប្រភពដដែលបានសរសេរទៀតថា កាលពីថ្ងៃអង្គារ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសអ៊ីរ៉ង់ ជុំវិញការដឹកជញ្ជូនមីស៊ីលទៅកាន់ទីក្រុងមូស្គូ ។
សហរដ្ឋអាមេរិកបានប្រកាសវិធានការ ប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ និងក្រុមហ៊ុនដឹកជញ្ជូនរបស់អ៊ីរ៉ង់ និងរុស្ស៊ីមួយចំនួន បន្ទាប់ពីរដ្ឋមន្ត្រី ការបរទេសលោក Antony Blinken បានចោទប្រកាន់អង្គភាព ដឹកជញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយខ្លី Fath-360 ទៅកាន់ប្រទេសរុស្ស៊ី។
ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់បានអនុវត្តតាមដោយ ការលុបចោលកិច្ចព្រមព្រៀងទ្វេភាគី ដែលអនុញ្ញាតឱ្យអ៊ីរ៉ង់ អ៊ែរចូលដែនអាកាសរបស់ពួកគេ និងដោយការដាក់ទណ្ឌកម្ម លើក្រុមហ៊ុន នាវា និងបុគ្គលរបស់រុស្ស៊ី និងអ៊ីរ៉ង់ដែលត្រូវបាន ចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធក្នុង ពាណិជ្ជកម្មមីស៊ីលទៀតផង។
រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ៖ អ៊ីរ៉ង់មិនបានបញ្ជូនមីស៊ីលទៅរុស្ស៊ីទេ ហើយក្រុមប្រទេសអ្នកញៀន ទណ្ឌកម្មគួរតែសួរខ្លួន ឯងថា តើអ៊ីរ៉ង់អាចផលិត និងសន្មត់ថាលក់អាវុធទំនើប ដោយរបៀបណា?
រំលឹកដែរថាសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំង ទៅលើប្រទេសអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍ អ៊ីស្លាមឆ្នាំ១៩៧៩ ជាមួយនឹងបញ្ជីខ្មៅសេដ្ឋកិច្ច របស់ទីក្រុងវ៉ាស៊ីនតោន ឥឡូវនេះរួមមានបុគ្គល និងអង្គភាពរបស់អ៊ីរ៉ង់ប្រហែល ៥,០០០នាក់ និងក្រុមហ៊ុនរួចទៅហើយ ដែលកំពុងរងទណ្ឌកម្មទាំងនោះ ៕
ប្រែសម្រួល៖ស៊ុនលី