ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ និងគ្រោះបាក់ដី បង្កផលប៉ះពាល់យ៉ាងខ្លាំង នៅតំបន់ជាច្រើន នៅក្នុងប្រទេសឡាវ

AFP

វៀងច័ន្ទ ៖ ផ្នែកជាច្រើននៃតំបន់ភាគខាងជើង របស់ប្រទេសឡាវ បានរងនូវផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលបណ្តាល ឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង និងធ្វើឱ្យអ្នកស្រុក ជាច្រើននៅជាប់គាំងក្នុងផ្ទះ និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។
ព្យុះត្រូពិក Yagi បាននាំមកនូវទឹកភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ ជាពិសេសបានបង្កផលប៉ះពាល់ដល់ខេត្តភាគខាងជើង ដែលមានខេត្ត Luang Namtha ជាតំបន់ដែលនូវរងផល ប៉ះពាល់ខ្លាំងជាងគេ ។

នៅខេត្ត Luang Namtha ផ្ទះសម្បែងជាច្រើនរងការខូចខាត ចំណែកទ្រព្យសម្បត្តិផ្ទាល់ខ្លួន ត្រូវបានខូចខាតទាំងស្រុង ហើយមនុស្សជាច្រើន បានចែករំលែកវីដេអូ និងរូបភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបង្ហាញពីអ្នកស្រុក ដែលនៅជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ និងបានជ្រកកោននៅលើដំបូលផ្ទះ ដើម្បីគេចចេញពីសន្ទុះទឹកដែលកំពុងកើនឡើងជាបន្តបន្ទាប់ ។

គួរបញ្ជាក់ផដែរថា ខេត្តខាងលើនេះ កំពុងជួបប្រទះនឹងការហក់ឡើងនៃទឹកទន្លេដែលហៀរចេញពីប្រភពទឹកសំខាន់ៗ ។ ការកើនឡើងយ៉ាងឆាប់រហ័ស នៃកម្រិតទឹកបានបណ្តាលឱ្យមានគ្រោះទឹកជំនន់ បានកើតឡើង ហើយរាលដាលជាពិសេសនៅតំបន់ទំនាប ។

វិទ្យុជាតិឡាវ បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា មន្ត្រីនៅក្នុងតំបន់បានរាយការណ៍មកថា ភូមិ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសំខាន់ៗ ដូចជាផ្លូវថ្នល់ ទូរគមនាគមន៍ អគ្គិសនី និងការផ្គត់ផ្គង់ទឹកត្រូវ បានរំខានយ៉ាងធ្ងន់ធ្ងរដោយសារ គ្រោះមហន្តរាយខាងលើនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top